លោកតា Randall Gibbons អាយុ ៧៦ ឆ្នាំ ធ្លាប់ជាម្ចាស់រោងជាងជួសជុលរថយន្តលម្ហែកាយនៅ Yreka រដ្ឋ California សហរដ្ឋអាម៉េរិក រកប្រាក់បានជាង ១០០,០០០ ដុល្លារ/ឆ្នាំ ដោយសារការឆ្លើយនឹងសំណួរលើអ៊ីនធើណិត។
លោកតា Randall Gibbons ធ្វើការងារច្រើនប្រភេទ ក្នុងនោះមានការងារមួយដែលហាក់ដូចចម្លែកសម្រាប់មនុស្សភាគច្រើន ប៉ុន្តែវាបានជួយឱ្យគាត់រកបានប្រាក់ច្រើនបំផុត នោះគឺ ការឆ្លើយនឹងសំណួរលើអ៊ីនធើណិត។ ឆ្នាំ ២០០៩ លោកតា Gibbons ដែលពេលនោះគឺជាជាងជួសជុលឡានប្រភេទ RV (recreational vehicle ជាឡានដែលមានកន្លែងស្នាក់នៅ សម្រាប់ដំណើរកម្សាន្តឆ្ងាយៗ) បានចុះឈ្មោះធ្វើជាអ្នកជំនាញផ្នែក RV នៅលើទំព័រ JustAnswer។ JustAnswer គឺជាគេហទំព័រមួយសម្រាប់ទទួលសំណួរ និងផ្ដល់ចម្លើយ ទាក់ទងនឹងវិស័យជួសជុលម៉ាស៊ីន ច្បាប់អន្តរជាតិ និងហិរញ្ញវត្ថុ។ល។
ដំបូងឡើយ លោកតា Gibbons គ្រាន់តែទទួលឆ្លើយនឹងសំណួរនៅក្នុងពេលសម្រាកថ្ងៃត្រង់ប៉ុណ្ណោះ។ ពេលនេះ វាគឺជាការងារពេញម៉ោងរបស់គាត់។ លោកតា Gibbons រកប្រាក់ពី JustAnser បានជាង ១១៥,០០០ ដុល្លារអាម៉េរិក កាលពីឆ្នាំ ២០២១។ ទឹកប្រាក់ប្រចាំខែដែលគាត់ធ្លាប់រកបានច្រើនជាងគេ គឺនៅក្នុងខែកក្កដា ២០២១។
លោកតា Gibbons ឆ្លើយនឹងសំណួរប្រហែល ៣០០ ជារៀងរាល់សប្ដាហ៍ ស្ដីពីការជួសជុល និងប្រើប្រាស់រថយន្ត RV។ គាត់ទទួលបានប្រាក់ ២០ ដុល្លារសម្រាប់ ១ សំណួរ។
ប្រាក់ចំណូលរបស់គាត់ បានបង្ហាញអំពីជំនាញរបស់គាត់។ JustAnswer មានប្រព័ន្ធចាត់ចែងចំណាត់ថ្នាក់សម្រាប់ក្រុមអ្នកជំនាញរបស់ខ្លួន ក្នុងនោះ អ្នកជំនាញដែលទើបចូលរួម នឹងទទួលបាន ៥ ដុល្លារសម្រាប់ការឆ្លើយ ១ សំណួរ។
ជោគជ័យរបស់លោកតា Gibbons នៅក្នុងវិស័យខាងលើ មិនមែនជារឿងងាយស្រួលដូចការគិតឡើយ។ លោកតា Gibbons អាចឆ្លើយនឹងសំណួរទាំងអស់ក៏ព្រោះតែគាត់មានបទពិសោធន៍ជាង ៦០ ឆ្នាំ ក្នុងវិស័យគ្រឿងចក្រ។ លោកតាចំណាយពេលប្រហែល ៥០ ម៉ោង/សប្ដាហ៍ និងត្រូវក្រោកពីម៉ោង ៤ កន្លះទៀបភ្លឺ ដើម្បីចូលឆ្លើយនឹងសំណួរសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានពេលវេលាខុសពីគាត់ ក្នុងនោះ ១ សំណួរ លោកតាត្រូវចំណាយពេលប្រហែល ១០ នាទី៕