តម្លៃប្រេង Brent ប្រគល់មានកាលកំណត់ បានកើន ២.៣% ក្នុង ១ ធុង ខណៈដែលប្រេងអាម៉េរិក WTI ប្រគល់មានកាលកំណត់ ក៏ឡើងថ្លៃ ២.៥% ក្នុង ១ ធុង។
តម្លៃប្រេងពិភពលោក កើនឡើង ២ ដុល្លារ/ធុង នៅក្នុងការជួញដូរថ្ងៃទី ១១ សីហា ក្រោយពី អង្គការថាមពលអន្តរជាតិ (IEA) ដំឡើងការព្យាករកំណើននៃតម្រូវការប្រើប្រាស់ក្នុងឆ្នាំនេះ ដោយសារតែតម្លៃឧស្ម័នធម្មជាតិកើនឡើងខ្ពស់ បណ្ដាលឱ្យប្រទេសជាច្រើន ងាកទៅប្រើប្រាស់ប្រេងរ៉ែ។
ប្រេង Brent ប្រគល់មានកាលកំណត់ ឡើងថ្លៃ ២.២០ ដុល្លារ (២.៣%) ដោយត្រូវបានជួញដូរក្នុងតម្លៃ ៩៩.៦០ ដុល្លារ/ធុង។ ប្រេងអាម៉េរិក (WTI) ប្រគល់មានកាលកំណត់ ក៏ឡើងថ្លៃ ២.៤១ ដុល្លារ/ធុង និងលក់ក្នុងតម្លៃ ៩៤.៣៤ ដុល្លារ/ធុង។
ក្នុងរបាយការណ៍ប្រចាំខែ IEA ឱ្យដឹងថា «តម្លៃអគ្គិសនី និងឧស្ម័នធម្មជាតិបានកើនឡើងដល់កំណត់ត្រាថ្មី នាំឱ្យប្រទេសជាច្រើន ប្ដូរពីការប្រើប្រាស់ឧស្ម័ន ទៅប្រើប្រាស់ប្រេងរ៉ែ បណ្ដាលឱ្យមានការរំពឹងថា តម្រូវការប្រេងក្នុងឆ្នាំនេះ នឹងកើនបន្ថែម ៣៨០,០០០ ធុង/ថ្ងៃ។
ចំណែកការព្យាកររបស់ OPEC (អង្គការនៃក្រុមប្រទេសនាំចេញប្រេងរ៉ែ) វិញ បានទម្លាក់ការព្យាករកំណើនតម្រូវការប្រេងរបស់ពិភពលោកក្នុងឆ្នាំ ២០២២ ដោយលើកឡើងថា មកពីផលប៉ះពាល់នៃវិបត្តិនៅ អ៊ុយក្រែន, បញ្ហាអតិផរណាកើនឡើងខ្ពស់ និងការប្រឹងប្រែងទប់ស្កាត់កូវីដ-១៩៕