គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន ៣ បន្ថែមទៀត ដែលនឹងបើកដំណើរការនៅ ភ្នំពេញ និង ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគ ១៥.៧ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ២,២៧៩ កន្លែង។
បណ្ដាក្រុមហ៊ុនវិនិយោគដែលទើបតែត្រូវបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគទាំងនោះ រួមមាន ៖
១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៤ កន្លែង។
២. HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៩ កន្លែង។
៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦ កន្លែង។