Skip to content

ឥណ្ឌូណេស៊ី នាំចេញ​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា ទៅកាន់ ប្រទេស​ថៃ

យន្តហោះ​ដែលមាន​លេខ​សម្គាល់ AX-2129 បាន​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Husein Sastranegara នៅ​ខេត្ត​ជ្វា​ខាងលិច ទៅ​ចុះចត​នៅលើ​មូលដ្ឋាន​ទ័ពអាកាស Nakhon Sawan របស់ ប្រទេស​ថៃ ទៅតាម​កិច្ចសន្យា។

ក្រុមហ៊ុន​អាកាសចរណ៍​អវកាស PT Dirgantara Indonesia (PTDI) ដែលជា​កម្មសិទ្ធិ​របស់ រដ្ឋ​ឥណ្ឌូណេស៊ី ទើបតែ​បានប្រគល់​យន្តហោះ NC212i ទៅឱ្យ នាយកដ្ឋាន​អាកាសចរណ៍​កសិកម្ម និង​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៃ​ព្រះរាជាណាចក្រ​ថៃ (DRRAA)។

Wildan Arief ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ គ្រប់គ្រង​ហានិភ័យ និង​ធនធានមនុស្ស​របស់ PTDI ឱ្យដឹងថា យន្តហោះ ដែលមាន​លេខ​សម្គាល់ AX-2129 បាន​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Husein Sastranegara នៅ​ខេត្ត​ជ្វា​ខាងលិច ទៅ​ចុះចត​នៅលើ​មូលដ្ឋាន​ទ័ពអាកាស Nakhon Sawan របស់ ប្រទេស​ថៃ កាល​ពីសប្ដាហ៍​កន្លង​។

លោក Arief និយាយថា NC212i គឺជា​យន្តហោះ​ពហុមុខ​ងារ ហើយ​យន្តហោះ ១ គ្រឿង​ដែល​ទើបតែ​ត្រូវបាន​ប្រគល់ឱ្យ ប្រទេស​ថៃ នេះ គឺជា​ប្រភេទ​សម្រាប់​ដឹកជញ្ជូន​ផ្នែក​យោធា និង​អាច​កែច្នៃ​ឱ្យទៅជា​យន្តហោះ​សម្រាប់​បាច​សារធាតុ​បង្កើត​ភ្លៀង​សិប្បនិម្មិត។

យោងតាម​លោក Arief យន្តហោះ NC212i ១ គ្រឿង​ផ្សេងទៀត​នឹងត្រូវ​បាន ឥណ្ឌូណេស៊ី ប្រគល់ឱ្យ ប្រទេស​ថៃ នៅ​ចុងខែ​ធ្នូ​ខាងមុខ។

គិត​មកដល់​បច្ចុប្បន្ន PTDI បានប្រគល់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​សរុប ៤៦៦ គ្រឿង​រួចហើយ ទៅឱ្យ​អតិថិជន​នៅក្នុង និង​ក្រៅប្រទេស ក្នុងនោះ​ក៏មាន​យន្តហោះ NC212i ផងដែរ។ NC212i គឺជា​យន្តហោះ​ជំនាន់​ថ្មី​បំផុត​របស់​ត្រកូល​យន្តហោះ​ពហុមុខ​ងារ NC212 និង​អាច​ដឹក​មនុ​ស្សបាន ២៨ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *