Skip to content

រដ្ឋធានី​វី​យែ​ន អនុវត្ត​គម្រោង​សន្សំសំចៃ​អគ្គិសនី ព្រោះតែ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង

វី​យែ​ន (រដ្ឋធានី​របស់ អូទ្រីស) ដែលជា​ទីក្រុង​ល្បីឈ្មោះ​ខ្លាំង​ទាក់ទង​នឹង​តំបន់​ផ្សារ​ណូអែល និង​កម្មវិធី​ប្រគំ​តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​យ៉ាង​គគ្រឹកគគ្រេង នឹង​បិទ​ប្រព័ន្ធ​អំពូល​ភ្លើង​សាធារណៈ​មួយចំនួន ដោយសារតែ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​ខ្លាំង។

អ្នកនាំពាក្យ​របស់ អាជ្ញាធរ​រដ្ឋធានី​វី​យែ​ន បានឱ្យដឹងថា យោងតាម​ផែនការ​សន្សំសំចៃ​ថាមពល ឆ្នាំនេះ​នឹងមិន​មាន «ពន្លឺ​ណូអែល» នៅលើ​មហាវិថី Ring ដែលជា​ផ្លូវ​ល្បីឈ្មោះ​មួយ​ព័ទ្ធជុំវិញ​រដ្ឋធានី​រប​ស់ អូទ្រីស។ ប្រភេទ​អំពូល​ភ្លើង​ទាំងឡាយ​ក្នុង​ទីតាំង​ផ្សារ​ណូអែល នៅ​ទីលាន​ខាងមុខ​អគារ​ក្រុមប្រឹក្សាភិបាល​រដ្ឋធានី នឹងត្រូវ​បាន​បើក​តែ​នៅ​ពេលយប់​ប៉ុណ្ណោះ ពោលគឺ​មិន​បើក​ចាប់ពី​ក្បាល​ព្រលប់​ដូចឆ្នាំមុនៗឡើយ។

ក្រុមមន្ត្រី​នៅ រដ្ឋធានី​វី​យែ​ន បញ្ជាក់ថា ពួកគេ​មិនទាន់​គណនា​ដឹង​ច្បាស់​ថា នឹង​សំច័យ​ថាមពល​បាន​ប៉ុន្មាន​នៅឡើយ ប៉ុន្តែ​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ដោយសារតែ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ដែល​បានដាក់​ទៅលើ រុស្ស៊ី ព្រោះតែ​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

អូទ្រីស ជា​ប្រទេស​ដែលមាន​ប្រជាជន ៩ លាន​នាក់ ពឹងផ្អែក​ភាគច្រើន​ទៅលើ​វិ​ស​ទេសចរណ៍ ហើយ​រដូវ​បុណ្យ​នៅ​ចុងឆ្នាំ គឺជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *