ក្រុមហ៊ុន Bluu Seafood នៅ រដ្ឋធានីបែរឡាំង កំពុងរៀបគម្រោងចែកចាយផលិតផលពីសាច់ត្រីដែលគេចិញ្ចឹមពីកោសិកាត្រីនៅក្នុងបន្ទប់ពិសោធន៍ ទៅកាន់ទីផ្សារមួយចំនួនក្នុងពិភពលោក។
Bluu Seafood គឺជាក្រុមហ៊ុនធុរកិច្ចថ្មីដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២០ ដោយមានឈ្មោះដំបូងថា Bluu Biosciences។ ដោយសារតែការនេសាទត្រីបានក្លាយជាបញ្ហាធ្ងន់ធ្ងរ ក្រុមហ៊ុននេះក៏បានស្វែងរកវិធីដើម្បីជួយកាត់បន្ថយសកម្មភាពសេសាទ តាមរយៈបច្ចេកវិទ្យាចិញ្ចឹមកោសិកាដើម ដើម្បីបង្កើតជាផលិតផលសុវត្ថិភាពសម្រាប់មនុស្ស។
ក្រុមហ៊ុនខាងលើបានអភិវឌ្ឍមុខម្ហូបមួយចំនួនដែលមានឈ្មោះថា «បន្ទះត្រី» និង «ប្រហិតត្រី» ជាដើម ដែលមានរូបរាងដូចទៅនឹងមុខអាហារធម្មតាដែលមានស្រាប់។ ផលិតផលទាំងនេះមានផ្ទុកប្រូតេអ៊ីនរុក្ខជាតិច្រើន ដូច្នេះងាយស្រួលទំពារ និងអាចចម្អិនគ្រប់ពេល។
ដើម្បីបង្កើតបានដុំសាច់ត្រី ក្រុមហ៊ុន Bluu Seafood បានប្រមូលកោសិកាពីសត្វត្រីរស់ ក្រោយមកចិញ្ចឹមវានៅក្នុងឡប្រតិកម្មជីវសាស្ត្រដែលមានបរិស្ថានសម្បូរសារជាតិបំប៉ន។ បន្ទាប់មក កោសិកាទាំងនោះ រីកចម្រើនធំឡើងនៅលើឧបករណ៍ពិសោធន៍ ដូចទៅនឹងសាច់ត្រីធម្មតា។ ដំណាក់កាលទាំងអស់នៃការអភិវឌ្ឍសាច់ត្រីសិប្បនិម្មិតនេះ មិនត្រូវការសកម្មភាពសម្លាប់ត្រីពិតនោះទេ នេះបើតាម TechCrunch ចុះផ្សាយកាលពីថ្ងៃទី ០៨ សីហា។
បច្ចុប្បន្ន ក្រៅពី Bluu ក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀតកំពុងរកវិធីនាំយកផលិតផលគ្រឿងសមុទ្រដែលផលិតដោយបច្ចេកវិទ្យាចិញ្ចឹមកោសិកា ទៅក្នុងទីផ្សារ ក្នុងនោះមានដូចជា ក្រុមហ៊ុន Wild Type និង CellMeat ជាដើមល។ល។