លោក Nikorndej Balankura ឯកអគ្គរាជទូតប្រទេសថៃ ប្រចាំ ប្រទេសវៀតណាម នៅក្នុងពិធីសម្ពោធព្រឹត្តិការណ៍សប្ដាហ៍ថៃ ឆ្នាំ ២០២២ នៅ ទីក្រុងព្រៃនគរ (ក្រុងហូជីមិញ) នាពេលថ្មីៗនេះ បានអះអាងថា ក្នុងឆ្នាំ ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាង ថៃ និង វៀតណាម នឹងសម្រេចបាន ២៥ ពាន់លានដុល្លារអាម៉េរិក។
ទំនាក់ទំនងពិសេសរវាង ប្រទេសថៃ និង វៀតណាម បានឈានដល់ដំណាក់កាលចាស់ទុំ និងត្រូវបានលើកកម្ពស់ទៅជា «ទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតជំរុញបន្ថែម» ចាប់តាំងពីឆ្នាំ ២០១៩។
កាលពីឆ្នាំ ២០២១ ប្រទេសថៃ បានបង្កើតសមាគមសហគ្រាសថៃ នៅ ប្រទេសវៀតណាម ឬហៅថា ThaiCham ក្នុងបំណងជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ឯកអគ្គរាជទូតប្រទេសថៃ ប្រចាំ ប្រទេសវៀតណាម ឱ្យដឹងថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាង ថៃ និង វៀតណាម ក្នុងឆ្នាំ ២០២១ សម្រេចបាន ១៨.៨ ពាន់លានដុល្លារអាម៉េរិក កើន ១៧.៩% ធៀបនឹងឆ្នាំ ២០២០។ ប្រទសថៃ គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ វៀតណាម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាអ្នកវិនិយោគបរទេសធំលំដាប់ទី ៨ របស់ វៀតណាម។
ទន្ទឹមនឹងប្រការខាងលើ ប្រទេសថៃ និង វៀតណាម កំពុងតែប្រឹងប្រែងដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យបាន ២៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខ នេះបើតាមការអះអាងរបស់លោក Nikorndej Balankura ឯកអគ្គរាជទូតប្រទេសថៃ ប្រចាំ ប្រទេសវៀតណាម។