ក្នុង ៦ ខែដើមឆ្នាំនេះ ភ្ញៀវបរទេសដែលបានមកទេសចរណ៍នៅ ប្រទេសឡាវ មានជាង ៤២ ពាន់នាក់ ក្នុងនោះភាគច្រើននៅក្នុងខែឧសភា និងខែមិថុនា។
ប្រភពព័ត៌មានពី រដ្ឋធានីវៀងចន្ទន៍ បានឱ្យដឹងថា នាយកដ្ឋានអភិវឌ្ឍទេសចរណ៍ នៃ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ប្រកាសថា ចំនួនទេសចរមកកាន់ប្រទេសនេះបានកើនឡើងវិញ បន្ទាប់ពី ឡាវ បានដកបម្រាមក្នុងការដើរហើរកាលពីខែមករា ២០២២។
ជាក់ស្ដែង ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ភ្ញៀវបរទេសដែលបានមកកាន់ ប្រទេសឡាវ ដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ មានជាង ៤២ ពាន់នាក់ ក្នុងនោះភាគច្រើននៅក្នុងខែឧសភា និងខែមិថុនា នៅពេលរដ្ឋាភិបាល បានលុបចោលលក្ខខណ្ឌនៃការផ្ដល់ទិដ្ឋាការ ទាក់ទិននឹងការបង្ការជំងឺកូវីដ-១៩។
នាយកដ្ឋានអភិវឌ្ឍទេសចរណ៍ឡាវ បានឱ្យដឹងថា ក្នុងអំឡុង ៥ ខែដើមឆ្នាំ ២០២២ ឡាវ បានទទួលភ្ញៀវបរទេសជាង ៣៦,៥០០ នាក់ ស្នាក់នៅជាមធ្យម ៧.៩ ថ្ងៃ និងចំណាយមធ្យមប្រមាណ ៨៣ ដុល្លារអាម៉េរិក/ម្នាក់/ថ្ងៃ បង្កើតបានចំណូលជូនរដ្ឋជាង ៤.៥៥ លានដុល្លារអាម៉េរិក។
ចំនួនទេសចរក្នុងស្រុកក្នុង ៥ ខែដើមឆ្នាំនេះ ក៏ឡើងដល់ជាង ៦២៦,០០០ លើក កើន ២.៨% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង និងបង្កើតបានចំណូលប្រមាណ ៧០.៧៩ លានដុល្លារ។
យោងតាម នាយកដ្ឋានអភិវឌ្ឍទេសចរណ៍ឡាវ ភ្ញៀវមកពី តំបន់អាស៊ីអាគ្នេយ៍ គឺមានច្រើន ក្នុងនោះ ប្រទេសថៃ ឈរលំដាប់កំពូលតារាង ដោយមាន ១៨,០០០ នាក់ បានទៅលើ ប្រទេសឡាវ ក្នុងអំឡុង ៦ ខែដើមឆ្នាំ ២០២២។