Skip to content

ប្រជាជន​កម្ពុជា ត្រូវតែ​ចេះ​បច្ចេកវិទ្យា ទើប​អាចឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​បាន

នា​យុគ​សម័យថ្មី​នេះ បច្ចេកវិទ្យា​ព័ត៌មាន​គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​គ្រប់​ចង្វាក់​ផលិតកម្ម និង​សកម្មភាព​ការងារ​នៅក្នុង​សង្គម។ ការងារ​ដែល​ធ្លាប់ប្រើ​ប្រាស់​មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជំនួស​ដោយ​ម៉ាស៊ីន​ដែល​គ្រប់គ្រង​ដោយ​មនុស្ស​តិច​នាក់​បំផុត ហើយ​ជា​ចរន្ត​ទៅ​ថ្ងៃ​អនាគត​អ្នក​ដែល​ចេះ​ប្រើ​ម៉ាស៊ីន ឬ​បច្ចេកវិទ្យា ទើប​អាច​ដណ្តើមបាន​ការងារល្អៗធ្វើ​នៅក្នុង​ទីផ្សារការងារ​ទាំង​ជាតិ និង​អន្តរជាតិ។

ឆ្លើយតប​នឹង​បញ្ហា​នេះដែរ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា ក្រុមហ៊ុន ឬ​សហគ្រាស​នៅ​កម្ពុជា​ត្រូវតែ​កែប្រែ​ទម្រង់​ឱ្យបាន​ឆាប់រហ័ស​ដើម្បីឱ្យ​សេដ្ឋកិច្ច​មានការ​កែប្រែរ​ច​នា​សម្ព័ន្ធ និង​រក្សាបាន​នូវ​ការប្រកួតប្រជែង​របស់​ខ្លួន​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​បន្តធ្វើ​ការបង្កើត​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានលើកឡើង​ផងដែរ​ថា ដើម្បីឱ្យ​ក្រុមហ៊ុន​សហគ្រាស​កែប្រែ​ទម្រង់​នេះ​បាន ធនធានមនុស្ស​របស់​ខ្លួន​ក៏ត្រូវ​តែ​ធ្វើការ​កែទម្រង់​ដែរ។ ក្រុមហ៊ុន​ត្រូវបង្កើត​ជំនាញ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​សេដ្ឋកិច្ច និង​ការកែប្រែ​រចនាសម្ព័ន្ធ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម ពេ​ជ សោភ័ន បាន​ជំរុញ​ឱ្យ​សហគ្រាស​ត្រូវតែ​ធ្វើការ​វិនិយោគ​លើ​ការបណ្តុះបណ្តាល​ជំនាញ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន​ដើម្បី​ចាប់យក​បច្ចេកវិទ្យា​ថ្មី​មកប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព មុននឹង​ឈានទៅដល់​ការពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​សម័យថ្មី​នេះ​បាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី អេង សុភាព សមាជិកា​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​បាន​លើកឡើងថា ការលើកឡើង​នូវ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស​នេះ​ក្នុង​គោលដៅ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការគ្រប់គ្រង និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅតាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់​ដំណើរការ​ស្របទៅនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។

លោកស្រី​បាន​បន្ដថា ការរៀបចំ និង​ផ្លាស់ប្ដូរ​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​បែប​ឌីជីថល​នេះ​នឹង​កាត់បន្ថយ
ពេលវេលា​បាន​លឿន​រហ័ស និង​អាច​ដឹង​ព័ត៌មាន​បានភ្លាមៗក្នុងការ​តាមដាន​សក​ម្ម​ភាព​ការងារ​បុគ្គលិក ការធ្វើ​របាយការណ៍ និង​ការគ្រប់គ្រង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​ភាពខ្លាំង​ជាង​មុន៕

Leave a Reply

Your email address will not be published. Required fields are marked *