Baidu បានក្លាយជាក្រុមហ៊ុនដំបូងគេដែលត្រូវបាន អាជ្ញាធរចិន ផ្ដល់អាជ្ញាប័ណ្ណដំណើរការរថយន្តតាក់ស៊ីស្វ័យប្រវត្តទាំងស្រុងនៅតំបន់មួយចំនួន ដែលនេះគឺជាការបោះជំហានដ៏ធំរបស់ Baidu ធៀបនឹងគូប្រជែងនានាដូចជា Pony.ai និង XPeng ជាដើម។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Baidu ទទួលបានអាជ្ញាប័ណ្ណដំណើរការអាជីវកម្មរថយន្តតាក់ស៊ីគ្មានមនុស្សបើកបរនៅក្នុងទីក្រុងចំនួន ២ គឺ អ៊ូហាន (Wuhan) និង ឆុងឈីង (Chongqing)។
ការសម្រេចចិត្តខាងលើនេះបានបង្ហាញថា អាជ្ញាធរចិន កំពុងតែផ្ដល់ភ្លើងខៀវបន្តិចម្ដងៗសម្រាប់គម្រោងតាក់ស៊ីស្វ័យប្រវត្ត។ មុននោះ ក្រុមមន្ត្រីចិន បានកំណត់ឱ្យមានមនុស្សម្នាក់នៅក្នុងរថយន្តដើម្បីគ្រប់គ្រងករណីបន្ទាន់។
ក្រុមហ៊ុន Baidu នឹងចាប់ផ្ដើមដំណើរការសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តនៅទីក្រុងអ៊ូហាន ចាប់ពីម៉ោង ០៩ ដល់ម៉ោង ១៧ ខណៈដែល ទីក្រុងឆុងឈីង នឹងចាប់ពីម៉ោង ០៩ កន្លះ ដល់ម៉ោង ១៦ កន្លះ។
Wei Dong អនុប្រធានរបស់ក្រុមហ៊ុន Baidu Intelligence Driving Group បានឱ្យដឹងថា ក្រុមហ៊ុននេះនឹងធ្វើការជាមួយក្រុមមន្ត្រីនៅ ប៉េកាំង និង ក្វាងចូវ (Guangzhou) ដើម្បីបន្តសុំអាជ្ញាប័ណ្ណសម្រាប់តំបន់ទាំងនេះ។
នៅ សហរដ្ឋអាម៉េរិក មុននោះតាក់ស៊ីគ្មានមនុស្សបើកបរក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការ។ ក្រុមហ៊ុន Cruise LLC ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មសម្រាប់តំបន់មួយចំនួននៅ សាន ហ្វ្រានស៊ីស្កូ (San Francisco)។ ប៉ុន្តែ ក្រុមហ៊ុននេះកំពុងប្រឈមនឹងការតាមដានពីអាជ្ញាធរ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ២ លើកនៅលើដងផ្លូវ បណ្ដាលឱ្យមានមនុស្ស ២ នាក់ រងរបួសស្រាល។
អនុប្រធានរបស់ក្រុមហ៊ុន Baidu Intelligence Driving Group បញ្ជាក់ថា ក្រុមហ៊ុននេះនឹងបង្កើនចំនួនរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តរបស់ខ្លួននៅលើដងផ្លូវក្នុង ប្រទេសចិន ឱ្យបាន ៦០០ គ្រឿង នៅចុងឆ្នាំនេះ៕