Pacific Airlines ត្រូវតែបំពេញលក្ខខណ្ឌទុនអប្បបរមា ៦០០ ពាន់លានដុង (ជាង ២៥ លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំនេះ ពុំដូចនេះទេនឹងត្រូវ អាជ្ញាធរវៀតណាម ដកហូតអាជ្ញាប័ណ្ណអាជីវកម្មអាកាសចរណ៍។
ក្នុងអំឡុង ២ ឆ្នាំបន្តបន្ទាប់មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines មិនបានបំពេញលក្ខខណ្ឌទុនអប្បបរមា ៦០០ ពាន់លានដុង ដែល វៀតណាម បានកំណត់ចំពោះអាជីវកម្មរកស៊ីក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសដែលមានយន្តហោះចាប់ពី ១១ ទៅ ៣០ គ្រឿង។ ទុនរបស់ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានធ្លាក់ទៅក្នុងឱនភាព (អវិជ្ជមាន) ពោលគឺ បំណុលលើសពីតម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ ២០២០ និង ២០២១។
ច្បាប់របស់ ប្រទេសវៀតណាម កំណត់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនឹងត្រូវបានដកហូតអាជ្ញាប័ណ្ណអាជីវកម្ម បើសិនក្រុមហ៊ុននោះបានបរាជ័យក្នុងការរក្សាទុនអប្បបរមាដែលរដ្ឋបានកំណត់ ក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា។
ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ Pacific Airlines អាចនឹងត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់រដ្ឋ បើសិនមិនអាចបំពេញតាមលក្ខខណ្ឌខាងលើ នៅក្នុងឆ្នាំ ២០២២ នេះ។