Skip to content

គ្រឿងសម្អាង​ក្លែងក្លាយ​តម្លៃ​ជិត 6លាន​ដុល្លារ​ត្រូវបាន​កម្ទេចចោល

ភ្នំពេញ៖ គ្រឿងសម្អាង​ក្លែងក្លាយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ប្រមាណ​ជា​ជិត100 តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត 6លាន​ដុល្លារ​អាមេរិក ត្រូវបាន​អាជ្ញាធរ​កម្ទេចចោល​ដើម្បី​ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ និង​ខាតបង់​ចំណូល​ពន្ធ​ជូន​រដ្ឋ។

ការដុត​កម្ទេចចោល​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី3 ខែតុលា​នេះ​នៅ​ទីលាន​ចាក់សំរាម​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក៏មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត ស្ថាប័ន​តុលាការ រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ។
សម្តេច​ក្រឡាហោម  ស ខេង បាន​លើកឡើងថា គ្រឿងសម្អាង​ទាំងនេះ​គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ចំពោះ​អ្នកប្រើប្រាស់ ដូច្នេះ​សមត្ថកិច្ច​ត្រូវតែ​រឹតបន្តឹង​បន្ថែមទៀត​ក្នុងការ​ទប់ស្កាត់​ហើយ​ត្រូវតែ​ស្វែងរក​ជន​ដែល​ប្រព្រឹត្ត​ខុស​មក​ផ្តន្ទាទោស។ សម្តេច​បាន​មានប្រសាសន៍​ដូច្នេះ​ថា «អ្នកលក់​គិតតែ​ពី​លុយ ប៉ុន្តែ​អ្នកប្រើប្រាស់​គឺមាន​បញ្ហា​សុខភាព ដូច្នេះ​សមត្ថកិច្ច មាន​វិធានការ​ទប់ស្កាត់​ការ​ចរាចរ​លក់ដូរ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ឱ្យអស់​ពី​ទីផ្សារ ក្នុងប្រទេស​កម្ពុជា»

ជាមួយគ្នានេះដែរ ឯកឧត្តម មា​ជ សុ​ផា​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ផលិតផល​ក្លែងក្លាយ​ទាំងនេះ គឺ​ភាគច្រើន​ផលិត​នៅ​ប្រទេស​ថៃ អាមេរិក ស្វ៊ី​ស ចិន និង​ជប៉ុន​ជាច្រើន ហើយ​ការដុត​កម្ទេច​នៅថ្ងៃនេះ​គឺមាន​ចំនួន​ជាង80តោន បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត6លាន​ដុល្លារ​អាមេរិក។ ឯកឧត្តម​បញ្ជាក់ថា«ចំណែក​ជនល្មើស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ ខ្លះ​ត្រូវបាន​ផ្តន្ទាទោស ខ្លះ​កំពុង​គេចខ្លួន​ផងដែរ ហើយ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​តាម​ចាប់​ជនល្មើស​ទាំងនោះ ក៍​ដូចជា​បោសសម្អាត​គ្រឿងសម្អាង​ក្លែងក្លាយ​ឱ្យអស់​ពី​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ»

អ្នកជំនាញ​ផ្នែក​សុខភាព​បាន​និយាយថា ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​គេ​រកឃើញថា បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​អ្នកប្រើប្រាស់​ដែល​ភាគច្រើន​ជា​ស្ត្រី ដូចជា​ធ្វើឱ្យ​កើតមាន​ប្រតិកម្ម​ចាញ់​នៅលើ​ស្បែក មហារីក​ស្បែក ហើយ​អាចធ្វើឱ្យ​សារធាតុ​គីមី​ពុល​ទាំងនោះ​ជ្រាបចូល​ទៅក្នុង​ខ្លួន​មនុស្ស​នាំឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជួនកាល​មាន​ទាំង​ករណី​ពុល​ស្លាប់​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *