ទីផ្សារអាកាសចរណ៍នៅ តំបន់អាស៊ីអាគ្នេយ៍ កំពុងតែងើបឡើងវិញជាបណ្ដើរៗ និងមានសញ្ញាណវិជ្ជមានជាច្រើនដែលនាំឱ្យមានក្ដីសង្ឃឹម ប៉ុន្តែ នៅតែត្រូវការការជួយរុញច្រានពី ចិនដីគោក។
បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅ អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមប្រសើរឡើងវិញទាក់ទងនឹងការកក់សំបុត្រ នៅពេលវិធានការរឹតបន្តឹងការដើរហើរក្នុងតំបន់ត្រូវបានបន្ធូរបន្ថយ រួមនឹងការជំរុញវិស័យទេសចរណ៍ឡើងវិញពីសំណាក់អាជ្ញាធរនៃបណ្ដាប្រទេស។
«យើងជឿថា រដូវកាលធ្វើដំណើរច្រើនចាប់ពីខែតុលាឆ្នាំនេះ នឹងមានអតិថិជនច្រើនបំផុតក្នុងអំឡុង ២ ឆ្នាំកន្លង» លោក Nond Kalinta ប្រធានពាណិជ្ជកម្មរបស់ Thai Airways បានប្រាប់ Nikkei Asia ដូច្នេះ។
ចំនួនអតិថិជនរបស់ Thai Airways ពី អឺរ៉ុប កំពុងតែមានការកើនឡើង ក្នុងនោះ ចំនួនភ្ញៀវប្រចាំថ្ងៃ កើនឡើងជិត ៦ ដង ក្នុងអំឡុងពេលពីខែមករា ដល់មិថុនាឆ្នាំនេះ។
ចំណែក Philippine Airlines វិញ បានកំណត់គោលដៅស្ដារជើងហោះហើរឡើងវិញឱ្យបាន ៨០% ធៀបនឹងដំណាក់កាលមុនសម័យកូវីដ-១៩។ ក្នុងខែមីនា ក្រុមហ៊ុននេះដឹកភ្ញៀវអន្តរជាតិបាន ១,៥០០ ជើង រួមមានជើងហោះហើរទៅមក ជប៉ុន, អាម៉េរិកខាងជើង និងមជ្ឈិមបូព៌ាផងដែរ។
កាលពីខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia របស់ ប្រទេសឥណ្ឌូណេស៊ី ដែលវិះនឹងក្ស័យធន សម្រេចបានកិច្ចព្រមព្រៀងមួយជាមួយម្ចាស់បំណុល ដើម្បីបន្ថយខ្ទង់បំណុលប្រហែល ៩.៥៤ ពាន់លានដុល្លារអាម៉េរិក។ ក្រុមហ៊ុននេះក៏គ្រោងនឹងទទួលខ្ទង់បានប្រាក់វិនិយោគជាង ៧ ទ្រីលានរូពៀផងដែរ ពីរដ្ឋាភិបាល។
ដំណឹងទាំងនេះពិតជាគួរឱ្យមានក្ដីសង្ឃឹម ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍នានានៅតែទន្ទឹងរង់ចាំដំណឹងល្អបំផុតដើម្បីអាចឱ្យសកម្មភាពបម្រើសេវាកម្មរបស់ពួកគេដំណើរការប្រក្រតី នោះគឺ គេត្រូវការឱ្យការធ្វើដំណើរទៅមកពី ប្រទេសចិន «ល្អប្រសើរឡើងវិញ»។
ភ្ញៀវពី ប្រទេសចិន ហាក់មិនទាន់ត្រលប់មកវិញ។ ទីក្រុងប៉េកាំង ស្នើឱ្យប្រតិបត្តិករទេសរណ៍ផ្អាកការបញ្ចេញកញ្ចប់ទេសចរណ៍ជាក្រុមទៅបរទេស និងបន្តអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) អនុញ្ញាតឱ្យដំណើរការចំពោះតែជើងហោះហើរមួយចំនួនដែលគ្រប់គ្រងដោយក្រុមហ៊ុនបរទេស។
គួរបញ្ជាក់ថា អ្នកដំណើរជាង ១០% របស់ Thai Airways នៅលើជើងហោះហើរអន្តរជាតិក្នុងឆ្នាំ ២០១៩ (មុនកូវីដ-១៩) គឺជា ជនជាតិចិន៕