បុគ្គលនិម្មិតដ៏ល្បីឈ្មោះ និងមានឥទ្ធិពលនៅលើបណ្ដាញសង្គម (influencer) ដែលជាផលិតផលរបស់កុំព្យូទ័រ កំពុងក្លាយជាឧបករណ៍រកប្រាក់យ៉ាងមានប្រសិទ្ធភាពនៅ កូរ៉េខាងត្បូង បើទោះវាបង្កឱ្យមានបញ្ហាចម្រូងចម្រាសមួយចំនួន។
Rozy មានអ្នកតាមដានជាង ១៣០,០០០ នាក់ នៅលើ Instagram ជាទីដែលនាងបង្ហោះរូបភាពស្ដីពីដំណើរទេសចរណ៍របស់ខ្លួន។ រូបរាង សម្រស់របស់នារីនិម្មិតមួយរូបនេះ ពិតជាមិនមានចំណុចណាដែលអាចឱ្យគេរិះគន់បាន តាំងពីការតុបតែងមុខមាត់ និងសម្លៀកបំពាក់។ នាងចៀង រាំ និងធ្វើជាតារាបង្ហាញម៉ូដ។ ប៉ុន្តែ គ្រប់យ៉ាងដែល Rozy មាន រួមទាំងរាងកាយរបស់នាងផងដែរ គឺសុទ្ធតែជារបស់និម្មិត ពោលគឺមិនមាននៅក្នុងលោក។
Rozy គឺជាក្រមុំនិម្មិត និងជា influencer ម្នាក់ នៅ កូរ៉េខាងត្បូង ដែលត្រូវបានផលិតផលឡើងដោយកុំព្យូទ័រ។ ប៉ុន្តែ រូបរាងរបស់នាង បង្ហាញពីភាពជាក់ស្ដែងដល់ថ្នាក់មានមនុស្សជាច្រើនច្រឡំថា នាងជាមនុស្សមាននៅក្នុងលោក ជានារីដែលបានចាប់កំណើតពីផ្ទៃម្ដាយពិត។
Sidus Studio X ដែលជាក្រុមហ៊ុននៅ កូរ៉េខាងត្បូង និងជាអ្នកដែលបានបង្កើត Rozy ឱ្យដឹងថា នាងក្រមុំនិម្មិតម្នាក់នេះ គឺជាផលិតផលនៃការលាយបញ្ចូលគ្នារវាងពិភពពិត និងពិភពនិម្មិត។ «នាងអាចធ្វើការងារគ្រប់យ៉ាងដែលមនុស្សពិតមិនអាចធ្វើបាន ដោយប្រើប្រាស់រូបរាងដូចមនុស្សពិត» នេះបើតាម Sidus Studio X។
នាង Rozy បានជួយឱ្យក្រុមហ៊ុន Sidus Studio X រកបានប្រាក់ចំណេញក្នុងពិភពផ្សាយពាណិជ្ជកម្ម និងកម្សាន្ត តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក។
ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២០ ស្រីស្អាត Rozy ទទួលបានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន យីហោល្បីៗ និងបានចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់និម្មិតជាច្រើន ហើយថែមទាំងបានចេញអាល់ប៊ុមផ្ទាល់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ ស្រីស្អាត Rozy មិនមែនជាមនុស្សនិម្មិតដែលមានឥទ្ធិពលខ្លាំងតែម្នាក់នៅ កូរ៉េខាងត្បូង ឡើយ។ វិស័យឧស្សាហកម្មមនុស្សនិម្មិត កំពុងតែផ្ទុះការពេញនិយម ធ្វើឱ្យទីផ្សារមានវិស័យសេដ្ឋកិច្ចដ៏ថ្មីសន្លាងមួយទៀត។
បុគ្គលនិម្មិតល្បីឈ្មោះមិនចាស់ទៅតាមអាយុនោះទេ ហើយក៏ពុំមានរឿងអាស្រូវដូចមនុស្ស និងត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា CGI ទាំងស្រុង។
តាមពិត បច្ចេកវិទ្យា CGI (រូបភាពដែលបង្កើតឡើងដោយកុំព្យូទ័រ) មិនមែនជារឿងថ្មី។ វាមានការពេញនិយមក្នុងវិស័យឧស្សាហកម្មកម្សាន្តនាបច្ចុប្បន្ន ជាទីដែលក្រុមសិល្បករប្រើប្រាស់វាដើម្បីបង្កើតជាបុគ្គលនិម្មិតនៅក្នុងខ្សែភាពយន្ត ហ្គេម និងវីដេអូតន្ត្រី។ ក៏ប៉ុន្តែ CGI ទើបតែត្រូវបានប្រើប្រាស់នាពេលថ្មីៗនេះ នៅក្នុងការបង្កើតបុគ្គលនិម្មិតដែលមានភាពល្បីល្បាញ និងឥទ្ធិពលក្នុងបណ្ដាញសង្គម។
ទោះជាអស្ចារ្យយ៉ាងណាក៏ដោយ ក្រុម influencer ដែលជាបុគ្គលនិម្មិតល្បីឈ្មោះ នៅតែបង្កបញ្ហាចម្រូងចម្រាសមួយចំនួនសម្រាប់សង្គម ពិសេសគឺបញ្ហាដែលទាក់ទិននឹងសីលធម៌ និងវប្បធម៌របស់មនុស្សជាតិ។
ខាងក្រោមនេះ សុទ្ធតែជាស្រីស្អាត និងជាតារាបង្ហាញម៉ូដដ៏មានឥទ្ធិពល ដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ ៖