(កាណាដា)-ក្រុមហ៊ុន TransPod បានឱ្យដឹងថា ពួកគេចាប់ផ្ដើមការសាងសង់ប្រព័ន្ធផ្លូវដែលមានរូបរាងជាបំពង់លូ អាចឱ្យរថភ្លើងដឹកអ្នកដំណើរពី Calgary ទៅកាន់ Edmonton ដែលមានចម្ងាយផ្លូវ ៣០០ គីឡូម៉ែត្រ ប្រើប្រាស់ពីតែ ៤៥ នាទី។
ប្រព័ន្ធដឹកជញ្ជូនល្បឿនមហាលឿន TransPod FluxJet ដែលត្រូវបានបង្ហាញកាលពីសប្ដាហ៍កន្លងនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណដា ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយទាក់ទងនឹងកម្លាំងរុញច្រាន ថាមពលស្អាត និងបច្ចេកវិទ្យាបញ្ជូនអគ្គិសនីមិនប្រើខ្សែជាដើម។ ប្រព័ន្ធនេះនឹងកាត់បន្ថយកម្លាំងកកឹតរបស់ខ្យល់ ដោយសារតែរថភ្លើងនឹងបរនៅក្នុងបំពង់ នៅក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅក្នុងប្រទេស ជាមួយនឹងល្បឿនមហាលឿន។
ដូចទៅនឹងគម្រោងដទៃដូចជា Hyperloop, Hyperloop TT, Hyperloop One, ET3, HyperPort ជាដើម គម្រោង FluxJet នឹងលុបបំបាត់ស្ថានភាពកកឹតដែលកើតឡើងដោយទម្ងន់ ព្រោះតែវាប្រើប្រាស់បច្ចេកវិទ្យា Maglev (Magnetic levitation)។ ផ្នែកនានាដែលប៉ះនឹងដីរបស់រថភ្លើង នឹងត្រូវបានដកចូលខ្លីនៅពេលរថភ្លើងធ្វើដំណើរក្នុងល្បឿនយ៉ាងតិច ៣០០ គីឡូម៉ែត្រ/ម៉ោង និងអាចបង្កើនល្បឿនដល់ ១,០០០ គីឡូម៉ែត្រ/ម៉ោង ឬលឿនបំផុតត្រឹម ១,២០០ ម៉ែត្រ/ម៉ោង។
ក្រុមហ៊ុន TransPod មិនបានបង្ហើបឱ្យដឹងច្រើនអំពីបច្ចេកវិទ្យាសំខាន់ៗ ប៉ុន្តែ ពួកគេនឹងប្រើប្រាស់ veillance flux ដែលជាប្រព័ន្ធកំណត់ទិស អនុញ្ញាតឱ្យស្កេនផ្លូវក្នុងប្រព័ន្ធបំពង់ និងសម្រួលទីតាំងរបស់រថភ្លើង។ រថភ្លើងមួយខ្សែៗ មានប្រវែង ២៥ ម៉ែត្រ អាចដាក់មនុស្សបាន ៥៤ នាក់ និងបំពាក់ម៉ាស៊ីនរុញច្រានចំនួន ៤ គ្រឿង។ បន្ទប់ទាំងនេះក៏មានបំពាក់ថ្មផ្ទុកថាមពលអគ្គិសនី និងអាចទាញយកថាមពលអគ្គិសនីដោយមិនប្រើខ្សែពីផ្លូវប្រភេទបំពង់នេះ។
TransPod ឱ្យដឹងថា ក្រុមហ៊ុនទទួលបានប្រាក់វិនិយោគ ៥៥០ លានដុល្លារអាម៉េរិក និងកំពុងឈានដល់ដំណាក់កាលបន្ទាប់របស់គម្រោង គឺការបើកការដ្ឋានសាងសង់ផ្លូវប្រវែងជាង ៣០០ គីឡូម៉ែត្រ រវាង Calgary និង Edmonton។
ប្រព័ន្ធផ្លូវទម្រង់បំពង់លូតម្លៃ ១៨ ពាន់លានដុល្លារនេះ នឹងជួយឱ្យពេលវេលានៃការធ្វើដំណើររវាងទីក្រុង Calgary និង Edmonton ចុះមកនៅត្រឹម ៤៥ នាទី ជំនួសឱ្យជាង ៣ ម៉ោង ដែលត្រូវចំណាយនាបច្ចុប្បន្ន។ ផ្លូវនេះក៏ជួយកាត់បន្ថយបាន ១/៣ នៃចំនួនយានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវល្បឿនលឿនពីទីក្រុង Calgary ទៅកាន់ទីក្រុង Edmonton។ ហើយជាងនេះ វាក៏នឹងកាត់បន្ថយឧស្ម័នកាបូនបាន ៦៣៦,០០០ តោន ជារៀងរាល់ឆ្នាំផងដែរ ដោយសារតែប្រើប្រាស់ថាមពលស្អាត៕