ocolate Hills គឺជាតំបន់អច្ឆរិយធម្មជាតិដែលមានអាយុកាលរាប់លានឆ្នាំមកហើយ និងត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ UNESCO។
បណ្ដាកូនភ្នំដែលស្ថិតនៅជាក្រុម និងលាតសន្ធឹងដាច់កន្ទុយភ្នែកនេះ ត្រូវបានគេហៅថា ប្រជុំកូនភ្នំសូកូឡា (Chocolate Hills)។ ឈ្មោះនេះមានប្រភពចេញពីពណ៌ស្មៅដែលប្ដូរពីបៃតងទៅជាប្រផេះនៅក្នុងរដូវក្ដៅ។
ប្រជុំកូនភ្នំសូកូឡា មានកូនភ្នំសរុបចំនួន ១,៧៧៦ និងមានទ្រង់ទ្រាយស្ទើរតែដូចគ្នាទាំងស្រុង ស្ថិតនៅលើផ្ទៃដីប្រមាណ ៥០ គីឡូម៉ែត្រក្រឡា។ តំបន់ភ្នំអច្ឆរិយនេះស្ថិតនៅលើកោះ Bohol របស់ ប្រទេសហ្វ៊ីលីពីន។
យោងតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ប្រភពដែលនាំឱ្យកកើតជាប្រជុំកូនភ្នំនេះគឺដោយសារសមុទ្រ។ ប្រមាណ ២ លានឆ្នាំមុន ទឹកសមុទ្របានគ្របដណ្ដប់តំបន់ Bohol ទាំងមូល ប៉ុន្តែ ដោយសារតែការផ្លាស់ទីរបស់ស្រទាប់តិចតូនិច (Tectonic Plate) នៃសម្បកផែនដី ទឹកសមុទ្រក៏បាននាចទៅអស់ បន្សល់ទុកនូវបណ្ដុំនៃសិលាកម្ទេចកំណ (sedimentary rock), ផ្កាថ្ម និងសំបកគ្រំ គ្រែងជាដើម។ល។
ក្រោយរយៈពេលច្រើនសតវត្សរ៍ ឬយូរជាងនេះ ធម្មជាតិក៏បានធ្វើឱ្យបណ្ដុំវត្ថុធាតុទាំងឡាយខាងលើ ក្លាយជាកូនភ្នំដែលមានសណ្ឋានដូចទៅនឹងរូបរាងដួន និងមានកម្ពស់ចាប់ពី ៣០ ទៅ ៥០ ម៉ែត្រ។
Chocolate Hills ត្រូវបានប្រកាសចាត់ទុកជា បេតិកភណ្ឌភូមិសាស្ត្រជាតិលំដាប់ទីបីរបស់ ប្រទេសហ្វ៊ីលីពីន និងត្រូវបានស្នើដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ផងដែរ៕