បន្ទាប់ពីគម្រោងថាមពល Mong Duong 2 និងរោងចក្រអគ្គិសនីដើរដោយឧស្ម័ន Son My 2 សាជីវកម្ម AES របស់ សហរដ្ឋអាម៉េរិក បន្តជំរុញការវិនិយោគលើវិស័យថាមពលនៅ វៀតណាម ជាមួយនឹងផែនការបណ្ដាក់ទុន ១៣ ពាន់លានដុល្លារសម្រាប់គម្រោងផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅភាគអាគ្នេយ៍ប្រទេសនេះ។
ក្នុងក្របខណ្ឌនៃកិច្ចពិភាក្សាប្រចាំឆ្នាំស្ដីពីសន្តិសុខថាមពលរវាង សហរដ្ឋអាម៉េរិក និង វៀតណាម នាពេលថ្មីៗនេះ ក្រុមហ៊ុន AES បានបង្ហាញអំពីបំណងអនុវត្តគម្រោងអគ្គិសនីដើរដោយថាមពលខ្យល់នៅលើលម្ហសមុទ្រនៃខេត្ត Binh Thuan ប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគ ១៣ ពាន់លានដុល្លារ និងអាចផលិតអគ្គិសនីបាន ៤,០០០ MW។
សាជីវកម្ម AES របស់ សហរដ្ឋអាម៉េរិក បាន និងកំពុងវិនិយោគលើវិស័យថាមពលមួយចំនួននៅ វៀតណាម មានដូចជា រោងចក្រអគ្គិសនី BOT Mong Duong 2 នៅភាគឦសាននៃប្រទេសនេះ ដោយប្រើប្រាស់ទុនជាង ២ ពាន់លានដុល្លារ។
គម្រោង Mong Duong 2 ត្រូវបានអភិវឌ្ឍដោយសាជីវកម្ម AES (សហរដ្ឋអាម៉េរិក), Posco (កូរ៉េខងត្បូង) និង CIC (ចិនដីគោក)។ ឆ្នាំ ២០០៨ គម្រោងបណ្ដាក់ទុនរួមគ្នានេះបានបង្កើតក្រុមហ៊ុនសាជីវកម្ម AES-TKV Mong Duong ដើម្បីដំណើរការគម្រោងថាមពលនេះជាមួយនឹងអត្រាទុន ៥១%, ៣០% និង ១៩%។
ចុងឆ្នាំ ២០២០ AES បានលក់ភាគហ៊ុនរបស់ខ្លួនដែលមាននៅក្នុង AES-TKV Mong Duong ទៅឱ្យភាគីមួយនៅ សហរដ្ឋអាម៉េរិក។ តម្លៃនៃការទិញដូរភាគហ៊ុននេះមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ អាចនឹងត្រូវបានទូទាត់រួចរាល់នៅដើមឆ្នាំក្រោយ។
ទន្ទឹមនឹងនេះ AES ក៏សហការជាមួយ ក្រុមហ៊ុនវៀតណាម PV Gas ក្នុងការអភិវឌ្ឍគម្រោងឃ្លាំងកំពង់ផែនាំចូលឧស្ម័នរាវ (LNG) Son My ដែលគ្រោងនឹងមានតម្លៃ ១.៤ ពាន់លានដុល្លារអាម៉េរិក។
ក្រៅពីនេះ ក្រុមហ៊ុនអាម៉េរិក AES ក៏ថែមទាំងជាអ្នកអភិវឌ្ឍគម្រោងរោងចក្រអគ្គិសនីដើរដោយឧស្ម័ន Son My 2 (Son My 2 CCGT) ដោយមានទុនវិនិយោគ ១.៧ ពាន់លានដុល្លារទៀតផងដែរ៕