ក្រុមហ៊ុន BYD ឱ្យដឹងថា រថយន្តប្រភេទស៊ីដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោងនឹងទៅដល់កំពង់ផែ Eilat នៅភាគខាងត្បូងនៃ ប្រទេសអ៊ីស្រាអែល ក្នុងត្រីមាសទីបី ឆ្នាំ ២០២២។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ ចិន BYD គ្រោងនឹងលក់រថយន្តដើរដោយថាមពលអគ្គិសនីនៅ ទីផ្សារអ៊ីស្រាអែល ចាប់ពីចុងឆ្នាំនេះ ដោយសហការជាមួយដេប៉ូចែកចាយរថយន្ត Shlomo Motors របស់ អ៊ីស្រាអែល នេះបើតាមប្រកាសកាលពីម្សិលមិញរបស់ក្រុមហ៊ុនទាំងពីរ។
BYD បង្ហើបឱ្យដឹងថា រថយន្តប្រភេទស៊ីដាន់ (sedan) ដំបូងៗរបស់ខ្លួន គ្រោងនឹងទៅដល់កំពង់ផែ Eilat នៅភាគខាងត្បូងនៃ ប្រទេសអ៊ីស្រាអែល ក្នុងត្រីមាសទីបី ឆ្នាំនេះ។ ក្រុមហ៊ុនអ៊ីស្រាអែល Shlomo បញ្ជាក់ថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ Shlomo នឹងបើកទីតាំងបង្ហាញរថយន្តថ្មីចំនួន ៤ កន្លែង ដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីរបស់ BYD។
BYD និង Shlomo បានសហការគ្នារកស៊ីជាង ១ ទសវត្សរ៍មកហើយ តាមរយៈសកម្មភាពជំនួញលើរថយន្តក្រុងអគ្គិសនីរបស់ BYD។ BYD (Build Your Dreams) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៥ និងមានការិយាល័យកណ្ដាលនៅ Shenzhen ប្រទេសចិន។ ក្រុមហ៊ុននេះផ្ដោតសំខាន់ទៅលើការអភិវឌ្ឍ និងផលិតថ្មផ្ទុកថាមពលអគ្គិសនីសុវត្ថិភាព។
BYD អះអាងថា បច្ចេកវិទ្យាថ្មផ្ទុកអគ្គិសនីរបស់ខ្លួន អនុញ្ញាតឱ្យរថយន្តម៉ូដែល e-Platform 3.0 រត់បានចម្ងាយលើសពី ១,០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ BYD និង Shlomo មិនទាន់បង្ហើបឱ្យដឹងថា រថយន្ត BYD ម៉ូដែលណាមួយដែលនឹងត្រូវបានដាក់លក់ក្នុងទីផ្សាររបស់ អ៊ីស្រាអែល នៅឡើយ៕