Skip to content

Morata អាច​នឹង​អវត្តមាន​ដោយសារ​របួស

ក្លិប​តោ​ខៀវ Chelsea បាន​ជួប​នូវ​ការខកចិត្ត​ដ៏​ធំ​មួយ ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ Alvaro Morata បាន​រងរបួស​ក្នុង​សាច់ដុំ​សរសៃពួរ​របស់គេ ខណៈដែល​ការរង​បួស​នេះ​អាច​នឹងធ្វើ​ឲ្យ​រូបគេ​ត្រូវ​អវត្តមាន​យូរ​ជាង​រយៈពេល1ខែ។

Morata ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី6គ្រាប់​ក្នុងការ​ប្រកួត7លើក​នៃ​ក្របខ័ណ្ឌ Premier League សម្រាប់​ក្លិប​ថ្មី​របស់គេ​នោះ ត្រូវបាន​ប្តូរ​ចេញ​នៅ​រយៈពេល10នាទីចុងក្រោយ​នៃ​តង់​ទី1 ក្នុងពេល​ក្រុម​របស់គេ​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 1-០ ក្រោម​ស្នាដៃ​ក្រុម Manchester City នា​កីឡដ្ឋាន Stamford Bridge កាលពី​ថ្ងៃ​សៅរ៍ ក្រោយពី​បាន​ជួប​បញ្ហា​ឈឺ​ចុកចាប់​ត្រង់​ម្ដុំ​ភ្លៅ​នៃ​ជើងឆ្វេង​របស់គេ។

លោក Antonio Conte បាន​បញ្ជាក់ថា ការដកខ្លួន​របស់ Morata ត្រូវបាន​ធ្វើឡើង​ទាំង​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ការប្តូរ​រូបគេ​ចេញ​នេះ គឺ​ដើម្បី​ធានាថា មិនឱ្យ​រូបគេ​រងរបួស​ធ្ងន់ធ្ង​រ។ គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​បន្ទាប់ពី​ចប់​ការប្រកួត​ថា លោក​បាន​គិតថា Morata នឹងត្រូវ​លុបឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ដើម្បី​ទទួល​ការព្យាបាល​នៅឯ​ទីលាន​ហ្វឹកហាត់។

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បានធ្វើ​តេស្ត​ដោយ​ខ្លួនឯង​ទៅលើ​ខ្សែប្រយុទ្ធ​វ័យ 24ឆ្នាំ​រូបនេះ កាលពី​ថ្ងៃអាទិត្យ​នៅឯ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ Sanitas ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក Michy Batshuayi បច្ចុប្បន្ន​គឺជា​ជម្រើស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តែ​ម្នាក់​គត់​នៅ​តំបន់​ប្រយុទ្ធ មុនពេល Morata អាច​វិល​ត្រឡប់មក​ចូល​លេង​វិញ​បាន។

បច្ចុប្បន្ន​អតីត​តារា​ឆ្នើម​របស់​ក្លិប Real Madrid និង Juventus អាច​នឹង​ប្រឈមមុខ​នឹង​ការ​អវត្តមាន​ក្នុងការ​ប្រកួត​ដ៏​សំខាន់​ចំនួន4របស់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។ ក្រុម​តោ​ខៀវ នឹងត្រូវ​អវត្តមាន Morata ដូចគ្នា​ដែរ​សម្រាប់​ការប្រកួត​ជាមួយនឹង​ក្រុម Crystal Palace, Watford, Everton និង Bournemouth៕

ប្រភពពី៖ The Guardian

Leave a Reply

Your email address will not be published. Required fields are marked *