ភ្នំពេញ: ខណៈការងារសម្តែងមានទីផ្សារកាន់តែខ្លាំង តារាសម្តែងស្រីធ្លាប់ហែលឆ្លងជីវិតជាកូនខ្វះភាពកក់ពីទ្រូងម្តាយ កញ្ញា សួង សុខារ៉ានីត ធ្វើឲ្យមហាជនស្រឡាំងកាំងម្តងជាមួយនឹងការបង្ហាញរូបថតក្មេងស្រីស្រស់ស្អាតមុខមាត់ភ្នែកស្រដៀងនឹងមុខនាង បង្ហោះបង្ហាញក្នុងហ្វេសប៊ុក និងសារខ្លីថាបញ្ជាក់ថាសាច់ញាតិចេញពីឈាមជ័រនាង ដោយមានទម្រង់មុខមាត់ដូចគ្នាបេះបិទ ខណៈរូបនាងមិនធ្លាប់មានដំណឹងបានចូលរោងការនៅឡើយនោះ។
រូបថតក្មេងស្រីដែលមានទម្រង់មុខមាត់ និងកែវភ្នែក ស្រដៀងគ្នាទៅនឹងតារាសម្តែងសាច់សខ្ចីកញ្ញា សួង សុខារ៉ានីត គូសបញ្ជាក់ប្រាប់មហាជនថា៖ «រាត្រីសួស្តីកូនស្រីម៉ាក់»។ ខណៈសារ និងការបង្ហាញមុខក្មេងស្រីនេះក៏ធ្វើឲ្យមហាជនភ្ជាក់ផ្អើល ទាំងមិនធ្លាប់ឮឡើយថា ម្ចាស់គណនីហ្វេសប៊ុក ជាតារាសម្តែងស្រីល្បីមានស្រុកកំណើតនៅកំពង់ឆ្នាំងរូបនេះ ធ្លាប់បានចូលរោងការក្រាបផ្ទឹមនឹងបុរសណាម្នាក់នោះឡើយកាលពីមុនមក។
ស្រាយចម្ងល់ មហាជនកើតឡើងពីការភ្ញាក់ផ្អើល ពីរូបថតក្មេងស្រីមុខស្រដៀងរូបនាងនោះ តារាសម្តែង សួង សុខារ៉ានីត បានបង្ហាញថា៖ «ការពិតក្មេងស្រីនោះ មិនមានជាប់សាច់ឈាមរបស់ខ្ញុំទេ ហើយក៏រិតតែឆ្ងាយ បើនិយាយថាកើតចេញពីឈាមជ័រខ្ញុំទៀតនោះក៏រឹតតែគ្មានដែរ»។ កញ្ញា សារ៉ានីត អះអាងថា អ្វីដែលកើតឡើងនេះ អាចជាចេតនាអាក្រក់របស់អ្នកណាម្នាក់ចង់បង្ខូចកិត្តិយសនាង ហើយនាងគិតថា៖ «រូបថតក្មេងស្រីបង្ហោះកាត់តភ្ជាប់រូបថតខ្ញុំ បង្ហោះចូលក្នុងហ្វេសប៊ុកនេះ ជាចេតនាមួយមិនល្អ។ តែមិនបានគិតដែរថា មានការភ្ញាក់ផ្អើល និងត្រូវបានគេគិតថា ខ្ញុំលូចមានកូនស្ងាត់ទាំងមិនធ្លាប់រៀបការប្តីនោះដែរ»។
តារាសម្តែងមានកំណើតទឹកដីខេត្ត កំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច បានប្រែជីវិតពីក្មេងស្រីព្រាត់ម្ដាយមុនទទួលបានភាពល្បីនៅក្នុងអាជីពសិល្បៈសម្តែង ហើយបានជួបម្តាយវិញទាំងមិននឹកស្មានដល់ ទាំងប្រែជីវភាពខ្លួន រស់នៅលើវីឡាដ៏ស្កឹមស្កៃ នៅឯបុរីប៉េងហួតបឹងស្នោរ ប្រាប់ទៀតថា៖ «ខ្ញុំបានឃើញក្មេងស្រីនោះ មុខដូចមុខខ្ញុំ ទាំងស្រដៀងច្រើន ហើយនឹកស្រឡាញ់នាង ក្នុងរូបថត ក៏យករូបនាងមកផុសក្នុងហ្វេសប៊ុក ហើយក៏សរសេរសារបង្ហោះលេង ដោយក្តីស្រឡាញ់នាងខ្លាំង»៕