(ប្រទេសចិន)-ស្ពានបណ្ដោះអាសន្នមួយខ្សែដែលមានសមត្ថភាពផ្ទុក ៤៥ តោន និងប្រវែងជាង ២៤៥ ម៉ែត្រ ត្រូវបានគេសង់ឡើងដើម្បីដឹកជញ្ជូនគ្រឿងសំណង់ទៅឱ្យការដ្ឋានមួយដែលកំពុងអនុវត្តគម្រោង ជំនួសឱ្យការធ្វើដំណើរតាមផ្លូវបត់បែនចម្ងាយ ៣០ គីឡូម៉ែត្រ។
ទិដ្ឋភាពរថយន្តបរឆ្លងកាត់តាមស្ពានយោលបណ្ដោះអាសន្ននេះ ត្រូវបានគេប្រៀបប្រដូចទៅនឹងអ្នកសំដែងសៀកកំពុងដើរនៅលើខ្សែ។ ស្ពានយោលដែលធ្វើឡើងពីខ្សែពួរនេះទាក់ទាញបានចំណាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម នេះបើតាម Xinhua ចេញផ្សាយកាលពីថ្ងៃទី ៣១ កក្កដា។
ស្ពានដែលមានទទឹងត្រឹមតែ ៤.៣ ម៉ែត្រ, បណ្ដោយជាង ២៤៥ ម៉ែត្រ និងអាចទ្របានទម្ងន់ ៤៥ តោននេះ ត្រូវបានសាងសង់ឆ្លងកាត់ពីលើជ្រលងភ្នំមួយដែលមានជម្រៅ ៣០០ ម៉ែត្រ។
ស្ពាននេះគឺជាផ្លូវបណ្ដោះអាសន្នសម្រាប់ការដឹកជញ្ជូនសម្ភារសំណង់នានាទៅឱ្យគម្រោងស្ពានមួយផ្សេងទៀតដែលកំពុងត្រូវបានស្ថាបនា។
ផ្លូវចរាចរណ៍ដែលមានស្រាប់ មិនសមស្របជាមួយនឹងការងារខាងលើ និងត្រូវការពង្រីកបន្ថែមបើសិនមិនចង់បរតាមផ្លូវដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ។ ដូច្នេះ ស្ពានយោលនេះក៏ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាខាងលើ។
ស្ពានបណ្ដោះអាសន្នដែលស្ថិតនៅក្នុងខេត្ត Chongqing ភាគនិរតីនៃ ប្រទេសចិន នេះ ជួយកាត់បន្ថយការចំណាយប្រាក់កាស និងចៀសវាងផលប៉ះពាល់មិនចាំបាច់ដល់បរិស្ថាន៕