ខេត្ត Shanxi ប្រទេសចិន ទើបតែចាប់ផ្ដើមដំណើរការខ្សែរថភ្លើងដឹកទំនិញអន្តរជាតិដំបូងរបស់ខ្លួនដែលរត់នៅលើផ្លូវដែក ចិន-ឡាវ។
យោងតាមក្រុមហ៊ុនផ្លូវដែក Taiyuan Group របស់ ចិន រថភ្លើងបានចេញដំណើរពីខេត្ត Shanxi និងគ្រោងទៅដល់ រដ្ឋធានីវៀងចន្ទន៍ របស់ ឡាវ ក្នុងរយៈពេល ៧ ថ្ងៃទៀត។ រថភ្លើងនេះដឹកទំនិញមួយចំនួន ក្នុងនោះមានទាំងជី និងថ្នាំលាបផងដែរ។
ខ្សែរថភ្លើងដឹកទំនិញអន្តរជាតិថ្មីដែលទើបតែបានសម្ពោធបើកដំណើរការនៅក្នុងខេត្ត Shanxi ប្រទេសចិន នេះ ត្រូវបានគេរំពឹងថា នឹងជួយសម្រួល ពង្រីកការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូនរវាងតំបន់នានានៅភាគខាងជើងប្រទេសចិន និងបណ្ដាប្រទេសជាសមាជិករបស់ ASEAN ក៏ដូចជាដើរតួនាទីក្នុងការជំរុញការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ទាំងនេះ។
ចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី ០៣ ធ្នូ ២០២១ ផ្លូវដែកឡា-ចិន នេះ មានប្រវែង ១,០០០ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងរដ្ឋបាល Kunming របស់ខេត្ត Yunnan នៅភាគនិរតីនៃ ប្រទេសចិន ជាមួយនឹង រដ្ឋធានីវៀងចន្ទន៍ របស់ ឡាវ។
ផ្លូវដែកនេះត្រូវបានគេវាយតម្លៃថាជាគម្រោងដ៏ធំមួយ ដែលមិនត្រឹមតែជួយជំរុញការធ្វើដំណើរ និងទេសចរណ៍នោះទេ តែថែមទាំងបង្កភាពងាយស្រួលដល់ពាណិជ្ជកម្មឆ្លងព្រំដែន កាត់បន្ថយពេលវេលា និងការចំណាយទៅលើការដឹកជញ្ជូនផងដែរ។
មុននោះ កាលពីថ្ងៃទី ០៣ ធ្នូ ២០២១ ក្រោយពីពិធីសម្ពោធបើកដំណើរការជាផ្លូវការ ជើងរថភ្លើងដឹកទំនិញដំបូងនៃផ្លូវដែកល្បឿនលឿនលេខ ១ នៅ ឡាវ ក៏បានចេញដំណើរ។ ទំនិញដែលត្រូវបានដឹកតាមជើងរថភ្លើងនេះគឺជាជីរបស់ក្រុមហ៊ុនចិន-ឡាវ។
ផ្លូវដែកល្បឿនលឿនដំបូងគេបង្អស់នៅ ប្រទេសឡាវ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៦ ដោយមានទុនវិនិយោគប្រហែល ៥.៩៥ ពាន់លានដុល្លារអាម៉េរិក។ ផ្លូវដែកឡាវ-ចិន នេះ មានប្រវែង ៤១៤ គីឡូម៉ែត្រ នៅក្នុង ប្រទេសឡាវ និង ១,០៣៥ គីឡូម៉ែត្រ នៅក្នុង ប្រទេសចិន។
គម្រោងនេះ ភាគច្រើនត្រូវបានអនុវត្តដោយសាជីវកម្មផ្លូវដែកជាតិចិន (CNRG) និងជាផ្លូវដែកមួយគន្លងដែលស្ថាបនាទៅតាមស្ដង់ដារបស់ ប្រទេសចិន៕