ដោយមានក្ដីសង្ឃឹមថា Fed នឹងបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុ អ្នកវិភាគជាច្រើននាក់នៅ Wall Street និង Main Street ព្យាករថា មាសនឹងរក្សានិន្នាការឡើងថ្លៃ។
យោងតាមការស្ទង់មតិប្រចាំសប្ដាហ៍របស់ Kitco News ថ្មីៗនេះ អ្នកវិភាគភាគច្រើននៅ Wall Street និងអ្នកវិនិយោគនៅ Main Street បានព្យាករថា តម្លៃមាសនឹងឡើងខ្ពស់នៅក្នុងសប្ដាហ៍នេះ។ អារម្មណ៍វិជ្ជមានបានកើតឡើងនៅពេលតម្លៃមាសកើន ២% កាលពីដំណាច់សប្ដាហ៍កន្លង និងកំពុងមានប្រៀបជាងប្រភពឧបសគ្គសំខាន់។ តម្លៃមាសសម្រាប់ខែធ្នូ ប្រគល់ជាលើកចុងក្រោយ ត្រូវបានជួញដូរក្នុងតម្លៃ ១,៧៨៣.៣០ ដុល្លារអាម៉េរិក/អោន ខណៈដែលមាសប្រគល់ភ្លាម មានតម្លៃ ១,៧៦៦.៥ ដុល្លារ/អោន (១ អោន ស្មើនឹង ៨.២៩៤២៦ ជី)។
ក្នុងចំណោមអ្នកវិភាគ ១៦ រូបនៅ Wall Street ដែលបានចូលរួមក្នុងការស្ទង់មតិ មាន ១១ រូបយល់ថា មាសនឹងឡើងថ្លៃក្នុងពេលខាងមុខនេះ។ ក៏ប៉ុន្តែ នៅតែមានអ្នកវិភាគ ៣ រូបទៀត ដែលយល់ថា មាសនឹងធ្លាក់ថ្លៃ គ្រាដែលអ្នកវិភគ ២ រូបផ្សេងទៀត យល់ថា មិនឡើង មិនចុះ។
អត្រាដែលស្ទើរតែដូចគ្នានេះក៏បានបង្ហាញនៅក្នុងការស្ទង់មតិតាមអនឡាញជាមួយនឹងអ្នកវិនិយោគជាង ១,៥០០ នាក់នៅ Main Street ផងដែរ។ ៦២% យល់ថា តម្លៃមាសនឹងកើនឡើង, ២២% ព្យាករថា នឹងធ្លាក់ថ្លៃ ស្របពេលដែល ១៦% ផ្សេងទៀតថា នៅដដែល។
Daniel Pavilonis អ្នកវិភាគរបស់ RJO Futures បានអះអាងថា ការឡើងថ្លៃរបស់មាស កើតឡើងនៅពេលអារម្មណ៍អស់សង្ឃឹមរបស់អ្នកវិនិយោគបានធូរស្បើយ។ បើសិនជា ធនាគារកណ្ដាលអាម៉េរិក (Fed) មានគោលនយោបាយបន្ធូរបន្ថយជាងមុនក្នុងប៉ុន្មានខែចុងឆ្នាំនេះ តម្លៃមាសនឹងបន្តកើនឡើង៕