Skip to content

តែប៉ុណ្ណេះ អ្នកចូលចិត្តញ៉ាំទុរេនកំពត លែងបារម្ភទិញប៉ះផ្លែទុរេនក្លែងក្លាយទៀតហើយ

ភ្នំពេញ- អ្នកណាខ្លះ​ដែល​ចូល​ចិ​ត្ដ​ញ៉ាំ​ផ្លែ​ទុរេន ជាពិសេស​ទុរេន​កំពត តើ​លោកអ្នក​ធ្លាប់មាន​ការលំបាក​ក្នុងការ​ជ្រើសរើស​វា​យក​មក​ញ៉ាំ​ដែរឬទេ? តែ​ចាប់ពីពេលនេះ​ទៅ​លោក​អ្នកនឹង​លែង​បារម្ភ​មិន​ខាន ព្រោះ​មិនយូរប៉ុន្មាន​ទៀត​ទេ ​លោកអ្នក​នឹង​លែង​លំបាក ឬ​បារម្ភ​ព្រោះ​ខ្លាច​ថា ជ្រើសរើស​ចំ​ទុរេន​កំពត​ក្លែងក្លាយ​យកមក​ពិសា​ទៀតហើយ។

នេះ​បើតាម​ប្រសាសន៍​លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​កំពត កែប និង​តាកែវ ដែល​បាន​លើកឡើងថា ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ដ៏​ច្រើន​ពី​អ្នក​និយម​ពិសា​ទុរេន​កំពត ប៉ុន្ដែ​អតិថិជន​មានការ​លំបាក​ក្នុងការ​ជ្រើសរើស​ទុរេន​របស់​ខេត្តកំពត​ឱ្យបាន​សុទ្ធ​នោះ សភាពាណិជ្ជកម្ម​ខេត្ដ​គ្រោង​នឹង​បង្កើតឱ្យមាន​សមាគម​ទុរេន​កំពត​ក្នុងពេលឆាប់ៗខាងមុខ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនេះ។ លោក​បន្ដថា ក្រៅពី​បង្កើត​សមាគម​ដើម្បី​ធានា​ឱ្យបាន​ការដាំដុះ​ដំណាំ​ទុរេន​ប្រកបដោយ​និរន្ដរភាព និង​បង្កើន​សក្ដានុពល​ក្នុង​ការដាំដុះ​បន្ថែម​ហើយ​នោះ សមាគម​នឹង​ជួយ​សម្រួល​ដល់​អតិថិជន​ទាំងអស់​ឱ្យធ្វើ​យ៉ាងណា​ត្រូវតែ​ទទួលបាន​ផ្លែ​ទុរេន​កំពត​ពិតប្រាកដ​យកទៅ​ពិសា​ដោយ​ពុំ​ប៉ះចំ​ទុរេន​ក្លែងបន្លំ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា​បានលើកឡើង​បន្ដថា ដើម្បី​ធានា​ឱ្យបាន​តម្លាភាព​នៃ​ប្រតិ​ប​ត្ដិ​ការ​ក្នុង​ការផ្ដល់​សេវាកម្ម​ជូ​ន​ដល់​អតិថិជន សមាគម​នឹង​ពន្យល់​ណែនាំ​ទៅដល់​សមាជិក​ទាំង​អស់​ឱ្យ​យល់​ពី​សារប្រយោជន៍​នៃ​ភាពស្មោះត្រង់​ទៅកាន់​អតិថិជន  និង​គ្រោង​បង្កើត​លក្ខន្ដិកៈ​ផ្ទៃក្នុង​មួយចំនួន ដើម្បី​ដាក់ពិន័យ​ដល់​សមាជិក​ណា​ដែលមាន​ចេតនា​ក្លែងបន្លំ​ទុរេន​យកមក​ពី​កន្លែង​ផ្សេង ឬ​រកស៊ី​មិន​ស្មោះត្រង់​ជាមួយ​អតិថិជន។

លោក​ឧកញ៉ា ហាក់ សុ​វណ្ណា បញ្ជាក់ថា៖ «ក្រោយពេល​យើង​បង្កើត​សមាគម​ទុរេន​កំពត​ហើយ យើង​នឹង​កំណត់​ទីតាំង​សម្រាប់​ផ្ដល់​សេវាកម្ម​លក់​ជូន​អតិថិជន។ ឧទាហរណ៍​បងប្អូន​មកពី​ភ្នំពេញ ឬ​ទីណា​ក៏ដោយ​ដែល​មក​កម្សាន្ដ​នៅ​ខេត្ដ​កំពត ហើយ​ចង់​ពិសា​ទុរេន​កំពត​គ្រាន់តែ​មករក​ទិញ​នៅក្នុង​ទីតាំង ឬ​ហាង​លក់​ផ្លែឈើ​របស់​យើង​ដែល​បាន​លើក​ស្លាក​សមាគម​ទុរេន​កំពត​ហើយ​នោះ បងប្អូន​នឹង​បាន​ទិញ​ទុរេន​កំពត​សុទ្ធ​យកទៅ​ពិសា​ដោយ​ពុំ​ចាំបាច់​មានការ​ព្រួយបារម្ភ​ថា ប៉ះ​របស់​ក្លែងក្លាយ​នោះទេ។ យើង​ក៏មាន​គម្រោង​បង្កើត​ទីតាំង​សម្រាប់​លក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ពិសេស​យើង​នឹង​គិតគូរ​អំពី​តម្លៃ​សម្រាប់​លក់​ជូន​អតិថិជន គឺ​ធ្វើយ៉ាងណា​ឱ្យមាន​តម្លៃ​សមរម្យ អាច​ទទួលយកបាន»។

សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា ដំណាំ​ទុរេន​នៅ​ទូទាំងប្រទេស ដូចជា​ទុរេន​កំពង់ចាម ប៉ៃលិន ពិសេស​ទុរេន​កំពត​ជាដើម នៅ​មិនអាច​ទាន់​បំពេញតម្រូវការ​ក្នុងស្រុក​បាន​នៅឡើយ​ទេ ដូច្នេះ​ហេតុអ្វី​បានជា​គេ​មិន​ប​ងើ្ក​ន​ការដាំដុះ? តើ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​អ្វី?  វា​កើតឡើង​ដោយសារតែ​ការខ្វះ​ផ្ទៃដី​ដាំ​ដុះ ឬ​កសិផល​ប្រភេទ​នេះ​ដាំ​ដុះ​ច្រើនពេក​ពិបាក​រក​ទីផ្សារ?។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​នាំចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា​បាន​បញ្ជាក់ថា ចំពោះ​ការ​កសិផល​ទុរេន​ខ្មែរ​មកពី​តំបន់ផ្សេងៗ ឬ​ទុរេន​កំពត​បច្ចុប្បន្ន​ពុំមាន​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ​ទេ ព្រោះ​តម្រូវការ​ក្នុងស្រុក​ដែលមាន​ការកើនឡើង​នោះ​ធ្វើឱ្យ​យើង​ផ្គត់ផ្គង់​ក្នុងស្រុក​ស្ទើរតែ​មិន​គ្រប់​ផង។ ប៉ុន្ដែ​មួយរយៈ​មុន ទុរេន​កំពត​មាន​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ ប៉ុន្ដែ​ពេលនេះ​យើង​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ដោះស្រាយ​លើ​បញ្ហា​នេះ​រួចហើយ។ ទៅ​អនាគត​ប្រជាជន​ក្នុងស្រុក​នឹង​បង្កើន​ការដាំដុះ​បន្ថែមទៀត​តាមរយៈ​កា​ចុះ​ពន្យល់​ណែនាំ​អំពី​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​ស្របតាម​បទដ្ឋាន និង​ទទួលបាន​ផល​ច្រើន។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា ហាក់ សុ​វណ្ណា បាន​បញ្ជាក់ថា នៅពេល​មាន​ការដាំដុះ​ច្រើន ទុរេន​យើង​កាន់​តែមាន​សក្ដានុពល ទីមួយ គឺ​យើង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ ពិសេស​ទី​ពីរ យើង​បានដឹងថា ទុរេន​កំពត​យើង​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង និង​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស​ថៃ និង​វៀតណាម​ថា ទុរេន​កំពត​យើង​មាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ជាប់​ចិ​ត្ដ​ជាង​ទុរេន​របស់គេ​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *