ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន បានពង្រីកសមាជិករបស់ខ្លួនបានចំនួន ១០៤ នាក់ នៅក្នុងឆ្នាំ ២០២២ ដើម្បីពង្រឹងសមត្ថភាពផលិតផលកសិកម្ម ឱ្យកាន់តែមានគុណភាព និងមានការជឿងជាក់ ពីសំណាក់អតិថិជន។
យោងតាម លោកស្រី រិន រាន សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន ត្រូវបានបង្កើតឡើងក្នុងបំណង ប្រមូលផ្តុំកម្លាំងផលិត និងពង្រឹងសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម សិប្បកម្មកែច្នៃ សេវាកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកកម្ពស់ទិន្នផល បរិមាណ និងគុណភាព ការពារតម្លៃផលិតផលកសិកម្ម ដែលប្រជាពលរដ្ឋផលិតបាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ប្រជានពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសធ្វើការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសផ្នែកកសិកម្ម និងជួយរកទីផ្សារជូនសមាជិកនៅក្នុងសហគម។
នៅក្នុងសហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន មានការបែងជាក្រុមតាមប្រភេទផលិតផល ដូចជា អ្នកដាំបន្លែ អ្នកចិញ្ចឹមសត្វ និងក្រុមអ្នកធ្វើវត្ថុអនុស្សាវរីយ៍ផ្សេង។
សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចម្រើន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ដោយផ្តើមចេញពីក្រុមជួយខ្លួនឯង ចំនួន ៧ ភូមិគោលដៅ ស្ថិតនៅក្នុងឃុំត្រីញ័រ និងឃុំល្វា នៃស្រុកពួក។ បច្ចុប្បន្ន សហគមន៍នេះមានសមាជិកចំនួន ១០៤ នាក់ ក្នុងនោះស្ត្រីចំនួន ៨៩ នាក់ នេះបើតាម លោកស្រី រិន រាន មកពីផ្នែកទីផ្សារនៃសមាគមនេះ៕