ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលផ្សេងៗនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងចំនួន 3,942 លានយ៉េន ស្មើនឹង 35 លានដុល្លារអាមេរិកដើម្បីសាងសង់ស្ពានបន្ទាន់ចំនួន 7ទៀត ឆ្លងកាត់ទន្លេមេគង្គនៃប្រទេសកម្ពុជា។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី3 ខែតុលា ឆ្នាំ2017 វេលាម៉ោង 10.00នាទីព្រឹកនេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ( HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន 35លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង« សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់»។
ក្រោមគម្រោងខាងលើនេះ ស្ពានចំនួន5នឹងត្រូវសាងសង់នៅលើផ្លូវជាតិលេខ73 នៅក្នុងខេត្តក្រចេះ និងស្ពានចំនួន2ទៀត នៅលើផ្លូវជាតិលេខ11ក្នុងខេត្តព្រៃវែងនឹងត្រូវសាងសង់សម្រាប់ជំនួសស្ពានដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្នដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូននៅតាមបណ្តោយផ្លូវជាតិទាំងពីរនេះ។
គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ2017មក កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនប្រមាណជា249លានដុល្លារអាមេរិកហើយ ក្នុងនោះរួមមានហិរញ្ញប្បទានឥតសំណងប្រមាណជា40លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការពារទឺកជំនន់ ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាក់ប្រមាណ209លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងខេត្តព្រះសីហនុ៕