ពលរដ្ឋបរទេសដែលមានសញ្ញាបត្របរិញ្ញាឡើងទៅ និងចេះភាសាកូរ៉េច្បាស់លាស់ ធ្វើការនៅក្នុងបណ្ដាវិស័យដែលត្រូវបានចង្អុលបង្ហាញដោយអាជ្ញាធរក្នុងតំបន់របស់ កូរ៉េខាងត្បូង នឹងទទួលបានទិដ្ឋាការស្នាក់នៅប្រភេទថ្មី (F-2)។
អាជ្ញាធរកូរ៉េខាងត្បូង ថ្មីៗនេះបានប្រកាសអំពីគម្រោងទាក់ទាញពលរដ្ឋបរទេសដែលមានជំនាញការងារច្បាស់លាស់ ឱ្យមកធ្វើការ និងស្នាក់នៅក្នុងតំបន់ជនបទដែលកំពុងប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំនួនប្រជាជនថយចុះយ៉ាងឆាប់រហ័ស។
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង (MOJ) បានប្រកាសអំពីការអនុវត្តគម្រោងផ្ដល់ទិដ្ឋាការដែលមានឈ្មោះថា «ទិដ្ឋាការដោយឡែកសម្រាប់តំបន់» ដែលនឹងចាប់ផ្ដើមមានសុពលភាពពីខែតុលា ២០២២ តទៅ។ គម្រោងនេះអនុវត្តចំពោះពលរដ្ឋបរទេសដែលកំពុងស្វែងរកវិធីមករស់នៅ និងធ្វើការនៅជនបទដែល រដ្ឋាភិបាលកូរ៉េខាងត្បូង ជាអ្នកណែនាំ។
យោងតាមលក្ខខណ្ឌនៃទិដ្ឋាការថ្មីនេះ ពលរដ្ឋបរទេសដែលមានជំនាញការងារកម្រិតខ្ពស់ ឆ្លើយតបនឹងលក្ខខណ្ឌមួយចំនួន (រួមមាន ចេះភាសាកូរ៉េច្បាស់ និងមានសញ្ញាបត្របរិញ្ញាឡើងទៅ) នឹងទទួលបានទិដ្ឋាការស្នាក់នៅប្រភេទថ្មី (F-2) នេះ។ ពលរដ្ឋបរទេសដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងមានការងារធ្វើ តាមរយៈការចង្អុលបង្ហាញរបស់អាជ្ញាធរកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ ក្រោយពីទទួលបានទិដ្ឋាការ ពលរដ្ឋបរទេសត្រូវតែមានពេលវេលាស្នាក់នៅក្នុងតំបន់ដែលបានចុះឈ្មោះ យ៉ាងតិច ៥ ឆ្នាំ។ ក្នុងអំឡុងពេលនេះ ពួកគេមានសិទ្ធិយកភរិយា/ស្វាមី និងកូនមិនទាន់គ្រប់អាយុ មករស់នៅជុំគ្នានៅ កូរ៉េខាងត្បូង។
MOJ ឱ្យដឹងថា នឹងទទួលពាក្យពីអាជ្ញាធរនៃបណ្ដាទីក្រុង និងស្រុកទាំងឡាយណាដែលចង់ចូលរួមកម្មវិធីសាកល្បងនៃ គម្រោងផ្ដល់ទិដ្ឋាការដោយឡែកសម្រាប់តំបន់។ ក្រោយមក MOJ នឹងជ្រើសរើសប្រហែល ៥ តំបន់ ដើម្បីផ្ដល់ទិដ្ឋាការ F-2 ដល់ពលរដ្ឋបរទេសសរុប ៥០០ នាក់ ដោយចាប់ផ្ដើមពីខែតុលាខាងមុខ។
គម្រោងសាកល្បងខាងលើនេះនឹងអនុវត្តក្នុងរយៈពេល ១ ឆ្នាំ (រហូតដល់ខែតុលាឆ្នាំក្រោយ) ហើយបន្ទាប់មក សមត្ថកិច្ចកូរ៉េខាងត្បូង នឹងពិនិត្យមើលដើម្បីពង្រីកគម្រោងនេះទៅកាន់តំបន់ដទៃនៅទូទាំងប្រទេស។
បច្ចុប្បន្ន ប្រព័ន្ធដូចខាងលើកំពុងត្រូវបានរដ្ឋាភិបាលប្រទេសមួយចំនួនអនុវត្ត ក្នុងនោះមាននៅ អូស្ត្រាលី និង កាណាដា ជាដើម៕