រឿងរ៉ាវដែលបានកើតឡើងនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ខណៈដែលកំពុងរៀបការសុខៗ កូនកំលោះ បានស្ទុះក្រោកឡើង និងបានប្រកាសក្ដែងៗ ទាមទារខាន់ស្លាបន្ថែមទៀត ហើយបដិសេធមិនព្រមរៀបការប្រសិនបើមិនធ្វើតាមរូបគេ។
រឿងចម្លែកហួសចិត្តនេះបានកើតឡើងចំពោះកូនក្រមុំមានឈ្មោះថា រ៉ូបាណា ប៉ាវីន អាយុ ១៨ឆ្នាំ បានចូលទៅដណ្ដឹងកូនប្រុសដែលមានឈ្មោះថា ម៉ុនថាត់ អាន់សារី អាយុ ២៦ឆ្នាំ ដោយបង្គាប់ខាន់ស្លាជាលុយសុទ្ធចំនួនដ៏លើសលប់ ព្រមទាំងបង្ខំឲ្យទិញរថយន្ដដែលមានតម្លៃថ្លៃកប់ឲ្យគេ (កូនកំលោះ) ទៀតផង បើមិនព្រមធ្វើតាមដូច្នោះទេ គេនឹងលុបចោលពិធីមង្គលការទាំងស្រុង បើទោះបីជា បានសំពះផ្ទឹមរយៈពេល ៣ម៉ោងក៏ដោយ។
ដោយហេតុតែខាងកូនកំលោះមិនសុខចិត្ត ទើបកូនក្រមុំទៅរកអ្នកមានអំណាច និងឥទ្ធិពលនៅក្នុងតំបន់ឲ្យជួយកាត់សេចក្ដី ក្នុងការរៀបអាពាហ៍ពិពាហ៍នេះ ហើយភាគច្រើនអ្នកជិតខាងបានរិះគន់តវ៉ារកទាមទារយុត្តិធម៌ជូនកូនក្រមុំផងដែរ ដោយពួកគេមើលទៅមិនសមហេតុសមផល ព្រោះសេចក្ដីលោភលន់របស់កូនកំលោះ នៅទីបំផុតអ្នកមានអំណាចក្នុងស្រុក បានប្រកាសឲ្យកូនក្រមុំបានរៀបការជាមួយកូនកំលោះរបស់គាត់ ហើយឪពុកខាងស្រី ក៏ប្រកាសតបវិញ ដោយទាមទារខាន់ស្លាមកវិញ រួមទាំងរបស់មានតម្លៃទាំងអស់ ពីកូនកំលោះលោភលន់ខាងលើ។
គួបញ្ជាក់ផងដែរថា ដោយសារតែហួសចិត្តពេក អ្នកជិតខាងបានផ្ដន្ទាទោសកូនកំលោះ ជាមួយបងប្រុសដោយការចាប់យកមកកោរសក់ ហើយបំពាក់កម្រងស្បែកជើង រួចស្រោចទឹក ហើយឲ្យដើរសុំទោសអ្នកគ្រប់គ្នា៕