សាលារៀនជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស តែអ្នកដែលកែច្នៃ និងថែទាំមនុស្សពិតប្រាកដនោះគឺគ្រូបង្រៀនដែលកំពុងបម្រើការងារយ៉ាងមមាញឹកនៅក្នុងសាលាឱ្យមានសកម្មភាពរស់រវើក។ គ្រូបង្រៀនជាកម្លាំងចលករយ៉ាងសំខាន់ដែលធ្វើឱ្យសង្គមមួយមានស្ថានភាពស្រស់បំព្រង ពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការបង្កើនចំនួនធនធានមនុស្សទៅតាមជំនាញរៀងៗខ្លួនរបស់យុវជនដែលជាអ្នកបន្តវេនរបស់កម្ពុជា។
ប៉ុន្មានថ្ងៃទៀតនេះ ជាទិវាគ្រូបង្រៀន ដែលគ្រប់សមាសភាពក្នុងសង្គមចាប់ផ្តើមនាំគ្នាលើកឡើងពីបញ្ហាគ្រូបង្រៀន និងក៏ជាពេលដែលសិស្សគ្រប់គ្នារំឭកឡើងវិញនូវគុណបំណាច់របស់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យដែលបានយកចិត្តទុកដាក់ បណ្តុះបណ្តាលសិស្សទាំងឡាយឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានភាពថ្កុំថ្កើងនៅពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងនេះក្តី ជាទូទៅគ្រូដែលជាវិស្វករនៃព្រលឹងរបស់មនុស្សម្នាក់ៗនេះ ត្រូវបានគេយកចិត្តទុកដាក់ដោយពេលម្ដងម្កាលតែប៉ុណ្ណោះកាលពីប៉ុន្មានឆ្នាំមុន។ ជារៀងរាល់ទិវាសំខាន់ៗ សិស្សជាច្រើននាំគ្នារំឭកគុណ និងដឹងគុណគ្រូ តែពេលក្រៅពីនោះមក គ្រូបង្រៀន ជាពិសេសគ្រូចាស់ៗដែលចូលនិវត្តន៍ នៅមិនទាន់ទទួលបានការលើកទឹកចិត្តខ្លាំងៗពីសិស្សនៅឡើយទេ ដូចជាស្ថាប័ននានា ជាពិសេសស្ថាប័នឯកជនតែម្ដង។ តែនាពេលថ្មីៗនេះ សាធារណជនបានចាប់ផ្ដើមមើលឃើញថា ការយកចិត្តទុកដាក់លើគ្រូបង្រៀនហាក់មានលក្ខណៈផុសផុលខ្លះៗហើយតាមរយៈការបង្ហាញជំហរបស់សាលាឯកជនមួយចំនួនក្នុងការជ្រើសរើសគ្រូបង្រៀនចូលនិវត្តន៍ឱ្យមកបង្រៀនក្នុងសាលារបស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងដើម្បីជាផ្តល់ប្រាក់ចំណូលបន្ថែមដល់គាត់ផងដែរ។
ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ លោក ប៉ិច ប៉ូឡែន ស្ថាបនិកសាលាវេស្ទឡាញន៍ ធ្លាប់បានលើកឡើងថា លោកសាស្ត្រាចារ្យ ចូលនិវត្តន៍ជាធនធានមនុស្សដែលមានតម្លៃ និងជាជនដែលមានទេពកោសល្យខ្ពស់ក្នុងការបង្រៀន។ ម្យ៉ាងវិញទៀតយើងសង្កេតឃើញថា គ្រូបង្រៀនចាស់ៗជាមនុស្សដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ក្នុងជីវិតបង្រៀន ដែលអាចបណ្តុះបណ្តាលសិស្សជំនាន់ក្រោយឱ្យក្លាយជាធនធានដ៏រឹងមាំសម្រាប់សង្គមបាន។
ស្រដៀងគ្នានេះដែរ អតីតនាយកវិទ្យាល័យទួលទំពូង លោកសាស្ត្រាចារ្យ ស៊ិន ស៊ីថុន និងជាស្ថាបនិកនៃសាលា មហាសាស្ត្រា ក៏បានលើកទឹកចិត្តគ្រូបង្រៀនចូលនិវត្តន៍ដើម្បីមកបង្រៀនក្នុងសាលារបស់លោក ដើម្បីជាការលើកទឹកចិត្តផង និងដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូចូលនិវត្តន៍បានជួបជុំគ្នា ពិភាក្សាគ្នាផងដើម្បីផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយ។
ក្រៅពីនេះគេមើលឃើញសាលាឯកជនមួយចំនួនផ្សេងទៀតក៏បានចាប់អារម្មណ៍ និងជ្រើសរើសគ្រូបង្រៀនចូលនិវត្តន៍មកបង្រៀនដែរ ដែលជាការផ្តល់ឱកាសច្រើនសម្រាប់សាស្ត្រាចារ្យចាស់ៗដើម្បីរកប្រាក់ចំណូលបន្ថែម និងដើម្បីជាការយកចិត្តទុកដាក់ចំពោះរូបគាត់ផងដែរ៕