(អារ៉ាប៊ីសាអូឌីត)-ទីក្រុងបណ្ដោយត្រង់ The Line នៅ អារ៉ាប៊ីសាអូឌីត គ្រោងនឹងដាក់មនុស្សបាន ៩ លាននាក់ ដោយមានផ្ទៃក្រឡា ៣៤ គីឡូម៉ែត្រ និងប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង។
ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទរបស់ អារ៉ាប៊ីសាអូឌីត បានប្រកាសគម្រោងសាងសង់ទីក្រុងបណ្ដោយត្រង់ The Line កាលពីខែមករា ២០២១។ គោលដៅនៃគម្រោងនេះគឺដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះ បំណងកាត់បន្ថយការពឹងផ្អែកលើប្រេងរ៉ែ។
កាលពីថ្ងៃទី ២៥ កក្កដា ព្រះអង្គម្ចាស់ Mohammed bin Salman បានបង្ហើបអំពីហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនេះ។ ទីក្រុងនេះគ្រោងនឹងត្រូវបានបើកទ្វារចាប់ពីឆ្នាំ ២០៣០។ ប៉ុន្តែ ក្រុមវិស្វករវាយតម្លៃថា សំណង់នេះនឹងត្រូវការពេលសាងសង់ក្នុងរង្វង់ ៥០ ឆ្នាំ។
The Line នឹងត្រូវបានកសាងនៅលើផ្ទៃដីប្រហែល ៣៤ គីឡូម៉ែត្រក្រឡា អាចឱ្យមនុស្ស ៩ លាននាក់រស់នៅប្រកបដោយផាសុកភាព ដោយសារមានអ្វីៗស្ទើរគ្រប់យ៉ាង តាំងពីសួនសាធារណៈ តំបន់សម្រាប់ថ្មើរជើង សាលារៀន ផ្ទះស្នាក់នៅ កន្លែងធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ល។
ប្រជាជននៅក្នុងទីក្រុង The Line អាចផ្លាស់ទីទៅតាមទិសចំនួន ៣ គឺ ឡើង ចុះ និងត្រង់ទៅត្រង់មក និងដោះស្រាយតម្រូវការប្រចាំថ្ងៃដោយចំណាយពេលដើរតែ ៥ នាទី។ សំណង់របស់ទីក្រុងនេះ អាចឱ្យគេផ្លាស់ទីពីចុងខាងអាយ ទៅកាន់ចុងខាងនាយដោយប្រើពេលតែ ២០ នាទី ហើយក៏មិនចាំបាច់មានរថយន្ត ដូច្នេះ ក៏មិនបំភាយឧស្ម័នកាបូន។
ព្រោះតែប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សេវាកម្មនានានឹងដំណើរការដោយស្វ័យប្រវត្ត ជួយកាត់បន្ថយពេលវេលា និងកម្លាំងកាយ។
ទីក្រុង The Line មានកម្ពស់ ៥០០ ម៉ែត្រ ខ្ពស់ជាងអគារ Empire State (៤៥០ ម៉ែត្រ) នៅ សហរដ្ឋអាម៉េរិក និងតួ Eiffel (៣៣០ ម៉ែត្រ) នៅ ប្រទេសបារាំង។ The Line មានទទឹងប្រវែង ២០០ ម៉ែត្រ, បណ្ដោយ ១៧០ គីឡូម៉ែត្រ។
ដំណោះស្រាយឆ្លាតវៃនាំមកនូវប្រសិទ្ធភាពខ្ពស់ ខណៈដែលអាកាសធាតុត្រូវបានរក្សាឱ្យនៅកម្រិតល្មម ស្រួលរស់នៅពេញមួយឆ្នាំ ដោយមានប្រព័ន្ធបន្សុទ្ធខ្យល់តាមធម្មជាតិ។ ចំណែកប្រភពទឹក និងថាមពលក៏សុទ្ធតែជាប្រភេទកកើតឡើងវិញ និងកែច្នៃឡើងវិញបាន។
The Line នឹងត្រូវបានកសាងនៅក្នុងខេត្ត Tabuk ភាគពាយព្យនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។ ពីទីនេះ គេអាចធ្វើដំណើរទៅកាន់ទីតាំងប្រមាណ ៤០% នៅក្នុងពិភពលោក ដោយប្រើពេលតែ ៦ ម៉ោង។ ទីក្រុងនេះក៏ត្រូវបានគេឃោសនាថាជាមជ្ឈមណ្ឌលនៃបណ្ដាដងផ្លូវពាណិជ្ជកម្មសំខាន់ៗផងដែរ៕