បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៧ កក្កដា តម្លៃប្រេង Brent កើន ២.១% ក្នុង ១ ធុង គ្រាដែលតម្លៃប្រេងឆៅ WTI កើន ២.៤% ក្នុង ១ ធុង។
តម្លៃប្រេងពិភពលោកបានកើនជាង ២ ដុល្លារ ក្នុងការជួញដូរកាលពីម្សិលមិញ នៅពេលដែលការថយចុះនៃបរិមាណប្រេងក្នុងឃ្លាំងយុទ្ធសាស្ត្ររបស់ សហរដ្ឋអាម៉េរិក និងបញ្ហាបរិមាណឧស្ម័នពី រុស្ស៊ី ទៅកាន់ អឺរ៉ុប «មានប្រៀប» ជាងការបារម្ភអំពីតម្រូវការថយចុះ និងការដំឡើងការប្រាក់របស់ សហរដ្ឋអាម៉េរិក។
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២៧ កក្កដា តម្លៃប្រេង Brent កើន ២.២២ ដុល្លារ ឬ ២.១% ឡើងដល់ ១០៦.៦២ ដុល្លារ/ធុង គ្រាដែលតម្លៃប្រេងឆៅ WTI កើន ២.២៨ ដុល្លារ ឬ ២.៤% និងបញ្ចប់ក្នុងតម្លៃ ៩៧.២៦ ដុល្លារ/ធុង។
រដ្ឋបាលគ្រប់គ្រងព័ត៌មានថាមពលអាម៉េរិក (EIA) បានឱ្យដឹងថា បរិមាណប្រេងឆៅក្នុងឃ្លាំងរបស់ សហរដ្ឋអាម៉េរិក បានថយចុះ ៤.៥ លានធុងក្នុងសប្ដាហ៍កន្លង នៅពេលបរិមាណប្រេងនាំចេញកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយសារតម្លៃប្រេងឆៅរបស់ អាម៉េរិក ទាបជាងឆ្ងាយធៀបនឹងតម្លៃប្រេង Brent។
ទន្ទឹមនឹងនេះ តម្លៃប្រេងក៏ទទួលបានប្រយោជន៍បន្ទាប់ពីមានព័ត៌មានថា បរិមាណឧស្ម័នបង្ហូរតាមប្រព័ន្ធ Northern Stream 1 កាលពីថ្ងៃទី ២៧ កក្កដា បានថយចុះមកនៅត្រឹម ២០% នៃកម្លាំងរបស់បណ្ដាញបំពង់បង្ហូរនេះ និងព័ត៌មានដែលថា ក្រុមហ៊ុនថាមពលរបស់រដ្ឋអ៊ីតាលី Eni ឱ្យដឹងថា នឹងទទួលបានឧស្ម័នតិចជាងមុន ពីសាជីវកម្ម Gazprom របស់ រុស្ស៊ី។
ការប្រែប្រួលទាំងឡាយខាងលើ បាន «យកឈ្នះ» លើឥទ្ធិពលដែលកើតមានពីការសម្រេចចិត្តដំឡើងការប្រាក់ថែម ០.៧៥ ពិន្ទុភាគរយរបស់ ធនាគារកណ្ដាលរបស់ សហរដ្ឋអាម៉េរិក (Fed) កាលពីថ្ងៃទី ២៧ កក្កដា។