បរិមាណប្រេងឆៅរបស់ប្រទេសនេះបានកើនឡើងដល់ជាង ១ លានធុង/ថ្ងៃ ក្រោយការធ្លាក់ចុះក្នុងរយៈពេល ៣ ខែ ព្រោះតែការបិទទ្វារអណ្ដូងរ៉ែប្រេង និងកំពង់ផែនានា។
អ្នកនាំពាក្យរបស់ រដ្ឋាភិបាលឯកភាពជាតិលីប៊ី (GNU) លោក Mohammed Hammouda ឱ្យដឹងថា GNU ត្រៀមជាស្រេចក្នុងការបង្កើនការវិនិយោគដើម្បីអភិវឌ្ឍវិស័យប្រេងរ៉ែរបស់ លីប៊ី និងបានអះអាងថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលអាចជួយបង្កើនបរិមាណប្រេងឆៅរបស់ប្រទេសនេះឡើងដល់ ៣ លានធុង/ថ្ងៃ។
លោក Hammouda និយាយថា អ៊ីតាលី គឺជាដៃគូពាណិជ្ជកម្មសំខាន់របស់ លីប៊ី ដោយប្រើប្រាស់ប្រេងឆៅជិត ៣០% របស់ប្រទេសនៅ អាហ្វ្រិកខាងជើង មួយនេះ។ នៅពេលនិយាយដល់គម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យដែលមានកម្លាំង ៥០០ MW របស់សាជីវកម្ម Total (បារាំង) លោក Hammouda ក៏បានជំរុញឱ្យបណ្ដាក្រុមហ៊ុនរបស់ អ៊ីតាលី បង្កើនការវិនិយោគទៅលើ ប្រទេសលីប៊ី ពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ។
ក្រុមមន្ត្រីរបស់ ប្រទេសលីប៊ី កាលពីថ្ងៃទី ២៦ កក្កដា ប្រកាសថា បរិមាណប្រេងឆៅរបស់ប្រទេសនេះបានកើនឡើងដល់ ១.០២៥ លានធុង/ថ្ងៃ ក្រោយការធ្លាក់ចុះក្នុងរយៈពេល ៣ ខែ ព្រោះតែការបិទទ្វារអណ្ដូងរ៉ែប្រេង និងកំពង់ផែនានា។ តួលេខនេះខ្ពស់ជាងឆ្ងាយធៀបនឹង ៨៧០,០០០ ធុង/ថ្ងៃ កាលពីសប្ដាហ៍មុន។
រដ្ឋមន្ត្រីក្រសួងប្រេងឧស្ម័នលីប៊ី លោក Mohamed Aoun បានឱ្យដឹងថា បរិមាណប្រេងឆៅនឹងកើនឡើងដល់ ១.២ លានធុង/ថ្ងៃ ក្នុងរយៈពេល ១០ ថ្ងៃទៀត ធៀបនឹង ១.៣ លានធុង/ថ្ងៃដែលបានផលិតក្នុងត្រីមាសដំបូងនៃឆ្នាំនេះ៕