បណ្ដាប្រទេសជាសមាជិក G7 រួមមាន សហរដ្ឋអាម៉េរិក, កាណាដា, ជប៉ុន, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, និង អង់គ្លេស បានប្រកាសថា នឹងពិនិត្យការកំណត់តម្លៃពិតានចំពោះប្រេងរ៉ែដែលនាំចេញពី ប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ ទីក្រុងមូស្គូ។
កាលពីថ្ងៃទី ២៧ កក្កដា មន្ត្រីជាន់ខ្ពស់មួយរូបមកពីក្រុមប្រទេសឧស្សាហកម្មរីកចម្រើនលំដាប់កំពូលលើពិភពលោក (G7) ឱ្យដឹងថា ក្រុមនេះគ្រោងនឹងអនុវត្តវិធានការកំណត់តម្លៃពិតានចំពោះប្រេងរ៉ែនាំចេញរបស់ រុស្ស៊ី យ៉ាងយូរចាប់ពីថ្ងៃទី ៥ ធ្នូ ២០២២ នៅពេលទណ្ឌកម្មរបស់ សហភាពអឺរ៉ុប (EU) ដែលហាមការនាំចូលប្រេងឆៅរបស់ រុស្ស៊ី មានសុពលភាព។
មន្ត្រីខាងលើបានប្រាប់ថា កាលបរិច្ឆេទនៃការកំណត់តម្លៃប្រេងរបស់ G7 ដែលត្រួតស៊ីគ្នាទៅនឹងពេលវេលានៃទណ្ឌកម្ម ដែល EU បានដាក់ចេញ ក្រុមប្រទេស G7 ចង់ធានាថា យន្តការកំណត់តម្លៃពិតាននឹងមានប្រសិទ្ធភាពស្របពេលជាមួយនឹងវិធានការដាក់ទណ្ឌកម្មរបស់ EU។ កាលពីខែមុន បណ្ដាប្រទេសនៅ G7 រួមមាន សហរដ្ឋអាម៉េរិក, កាណដា, ជប៉ុន, អាល្លឺម៉ង់, បារាំង, អ៊ីតាលី និង អង់គ្លេស បានប្រកាសថា នឹងពិនិត្យលើការកំណត់តម្លៃពិតានចំពោះប្រេងរ៉ែនាំចេញរបស់ រុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណួលពីប្រេងរ៉ែរបស់ ទីក្រុងមូស្គូ។
បច្ចុប្បន្ន G7 កំពុងតែប្រឹងប្រែងបញ្ចុះបញ្ចូល ចិន និង ឥណ្ឌា ឱ្យចូលរួមយន្តការនេះ ក្នុងគ្រាដែលប្រទេសទាំងពីរនេះសុទ្ធតែកំពុងទិញប្រេងឆៅយ៉ាងច្រើនសន្ធឹកពី ប្រទេសរុស្ស៊ី ក្នុងតម្លៃទាប។
G7 ចង់ប្រមូលផ្ដុំសម្ព័ន្ធមិត្តនៃបណ្ដាប្រទេសនាំចូល ដើម្បីអនុវត្តតម្លៃពិតានជាក់លាក់មួយចំពោះប្រេងឆៅដែលនាំចេញពី រុស្ស៊ី។ តម្លៃពិតាននេះត្រូវតែធានាឱ្យបានថា ខ្ពស់ជាងការចំណាយក្នុងការផលិតនៅ រុស្ស៊ី ដើម្បីលើកទឹកចិត្តឱ្យ មូស្គូ បន្តរក្សាការផលិត ប៉ុន្តែ ត្រូវតែទាបជាងតម្លៃនៅក្នុងទីផ្សារដែលកំពុងឡើងខ្ពស់នាបច្ចុប្បន្ន។
មុននោះ កាលពីថ្ងៃទី ២២ កក្កដា ទេសាភិបាលធនាគារជាតិរុស្ស៊ី Elvira Nabiullina បានប្រកាសថា ទីក្រុងមូស្គូ នឹងមិនផ្គត់ផ្គង់ប្រេងដល់បណ្ដាប្រទេសដែលបានសម្រេចចិត្តកំណត់តម្លៃពិតានចំពោះប្រេងរ៉ែរបស់ប្រទេសនេះ៕