លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ Gallup បានបង្ហាញថា កម្ពុជា ឈរលំដាប់លើគេបង្អស់នៅ អាស៊ីអាគ្នេយ៍ ស្ដីពីអារម្មណ៍ «សោកសៅ» ខណៈដែល ហ្វ៊ីលីពីន គឺជាប្រទេសដែល «តានតឹងបំផុត» ក្នុងតំបន់នេះ។
Gallup ដែលជាក្រុមហ៊ុនប្រឹក្សា និងវិភាគទិន្នន័យលំដាប់កំពូលលើពិភពលោក និងមានមូលដ្ឋាននៅ វ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក ថ្មីៗនេះបានប្រកាសលទ្ធផលនៃការស្ទង់មតិស្ដីពីស្ថានភាពអារម្មណ៍ពីវិជ្ជមានរហូតដល់អវិជ្ជមាន របស់ប្រជាជននៅក្នុងប្រទេសជាង ១០០ ក្នុងនោះមានទាំងបណ្ដាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ផងដែរ។
លទ្ធផលនៃការស្ទង់មតិបង្ហាញថា កម្ពុជា គឺជាប្រទេស «សោកសៅ» បំផុត នៅ អាស៊ីអាគ្នេយ៍ ដោយ ៤២% ក្នុងចំណោមមនុស្សដែលត្រូវបានសួរ ឆ្លើយថា ពួកគេទើបតែបានឆ្លងកាត់ភាពសោកសៅ។ រីឯ ហ្វ៊ីលីពីន វិញ ឈរលំដាប់ទីពីរ ដោយមានអត្រា ៣៥% បានឆ្លើយថា «សោកសៅ» ខណៈដែល វៀតណាម ឈរលំដាប់ទីបី ដោយមាន ២៧%។
ចំណែក អារម្មណ៍ «ភាពតានតឹង» វិញ ហ្វ៊ីលីពីន ឈរលំដាប់ទីមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសថៃ កម្ពុជា និង វៀតណាម ឈរពីក្រោយតាមលំដាប់បន្តបន្ទាប់គ្នា។
ការស្ទង់មតិរបស់ Gallup ត្រូវបានធ្វើឡើងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ ២០២១ ដល់ដើមឆ្នាំ ២០២២ ដោយការដាក់សំណួរនានាដែលមានចម្លើយចំនួន ៣ ឱ្យជ្រើសរើសគឺ «យល់ស្រប», «មិនយល់ស្រប» និង «មិនដឹង ឬបដិសេធការឆ្លើយ» ចំពោះមនុស្សដែលមានវ័យចាប់ពី ១៥ ឆ្នាំឡើងទៅ។
នៅក្នុងប្រធានបទ អារម្មណ៍ «ក្រោធខឹង» ប្រទេសឡាវ ឈរលើកំពូលតារាងនៅ អាស៊ីអាគ្នេយ៍ ខណៈដែល ហ្វ៊ីលីពីន ឈរលំដាប់លេខ ២ និង កម្ពុជា ឈរលេខ ៣ ក្នុងគ្រាដែល ថៃ, មីយ៉ានម៉ា និង ឥណ្ឌូណេស៊ី ឈរពីក្រោយបន្តបន្ទាប់គ្នា។
ប្រទេសសិង្ហបុរី ត្រូវបានគេរកឃើញថា មានការ «ក្រោធខឹង» និង «សោកសៅ» តិចជាងគេបង្អស់នៅក្នុង តំបន់អាស៊ីអាគ្នេយ៍។
កម្ពុជា បើទោះជាត្រូវបានគេរកឃើញថា «សោកសៅ» បំផុតនៅ អាស៊ីអាគ្នេយ៍ ប៉ុន្តែ បែរជាឈរលំដាប់កំពូលតារាងចំណាត់ថ្នាក់នៅ តំបន់នេះ និងជាប់លេខ ៥ លើលោក ក្នុងប្រធានបទស្ដីពី «បទពិសោធន៍រីករាយ (Experienced Enjoyment)» ដោយមានចម្លើយស្រប ៨៥% និងមិនស្រប ១៤%។ ក្នុងប្រធានបទនេះដែរ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងហ្វ៊ីលីពីន ឈរលំដាប់បន្តបន្ទាប់ សម្រាប់ តំបន់អាស៊ីអាគ្នេយ៍។
ចំណែកអារម្មណ៍ស្ដីពី «ស្នាមញញឹម ឬសំណើច (Smile or Laugh)» Gallup បានរកឃើញថា ឥណ្ឌូណេស៊ី ឈរលំដាប់ទីពីរលើលោក និងទីមួយនៅ អាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លើយស្រប ៩០% និងមិនស្រប ១០% ខណៈដែល កម្ពុជា ស្ថិតនៅឈរលំដាប់ទីបួនលើពិភពលោក និងទីពីរនៅ អាស៊ីអាគ្នេយ៍ ដោយមានចម្លើយស្រប ៨៩% និងមិនស្រប ១០%។ ចំណែក ឡាវ ឈរលំដាប់ទីប្រាំក្នុងពិភពលោក ស្ដីពី «ស្នាមញញឹម ឬសំណើច»៕