រោងចក្ររបស់ក្រុមហ៊ុន Unigel ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ ២០២៣ នឹងផលិតអ៊ីដ្រូសែនបៃតងប្រមាណ ១០,០០០ តោន និង អាម៉ូញាក់បៃតង ប្រមាណ ៦០,០០០ តោន នៅក្នុងដំណាក់កាលដំបូង។
ក្រសួងបរិស្ថានប្រេស៊ីល កាលពីថ្ងៃទី ២៦ កក្កដា បានប្រកាសថា សាជីវកម្មពហុជាតិ Unigel ទើបតែចាប់ផ្ដើមសាងសង់រោងចក្រផលិតអ៊ីដ្រូសែនបៃតង (green hydrogen) មួយ ដោយមានទុនវិនិយោគដំបូង ១២០ លានដុល្លារអាម៉េរិក នៅក្នុងទីក្រុង Camacari នៃរដ្ឋ Bahia ភាគឦសានប្រទេសនេះ។
រោងចក្ររបស់ Unigel គ្រោងនឹងដំណើរការចាប់ពីចុងឆ្នាំ ២០២៣ ហើយនឹងផលិតអ៊ីដ្រូសែនបៃតង ប្រមាណ ១០,០០០ តោន និង អាម៉ូញាក់បៃតង (green ammonia) ប្រមាណ ៦០,០០០ តោន នៅក្នុងដំណាក់កាលដំបូង។
Unigel គ្រោងនឹងបង្កើនការផលិតឱ្យបានច្រើនជាងតួលេខខាងលើ ៤ ដង នៅដើមឆ្នាំ ២០២៥ ដែលនេះនឹងជួយឱ្យរោងចក្រនៅ Camacari ក្លាយជាមូលដ្ឋានដែលផលិតអ៊ីដ្រូសែនបៃតង ធំជាងគេក្នុងពិភពលោក។
រោងចក្រថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យារបស់សាជីវកម្ម Thyssenkrupp Nucera របស់ អាល្លឺម៉ង់ ក្នុងនោះនឹងដំឡើងម៉ាស៊ីនបំបែកធាតុទឹក ឬហៅថា ម៉ាស៊ីនអេឡិចត្រូលីត្រទឹក (Water Electrolysis Machine) ចំនួន ៣ គ្រៀង ដែលមានកម្លាំង ៦០ MW ដើម្បីបំបែកអ៊ីដ្រូសែនចេញពីភាគល្អិតរបស់ទឹក។
ប្រធានក្រុមហ៊ុន Unigel លោក Roberto Noronha អះអាងថា គម្រោងរោងចក្រ Catamari នឹងជួយឱ្យក្រុមហ៊ុននេះនាំមុខគេក្នុងវិស័យបន្សាបកាបូននៅ ប្រេស៊ីល។
លោក Noronha ឱ្យដឹងថា ប្រេស៊ីល មានសក្ដានុពលខ្លាំងក្លាក្នុងការផលិតអគ្គិសនីពីកម្លាំងខ្យល់ និងថាមពលព្រះអាទិត្យ ដូច្នេះ Unigel ជឿថា ប្រទេសនេះនឹងមានឱកាសនាំមុខពិភពលោកក្នុងវិស័យអ៊ីដ្រូសែនបៃតង ដែលជាដំណោះស្រាយក្នុងការរក្សាថាមពលស្អាតតាមរយៈការបំប្លែងថាមពលកកើតឡើងវិញ ឱ្យទៅជាឥន្ធនៈមិនមានកាបូន។