អាជ្ញាធរអាម៉េរិក បង្ហើបឱ្យដឹងថា ប្រទេសនេះនឹងលក់ប្រេង ២០ លានធុងថែមទៀត ពីឃ្លាំងប្រេងរ៉ែយុទ្ធសាស្ត្រ (SPR) ដើម្បីជួយបញ្ចុះតម្លៃប្រេងសាំងក្នុងទីផ្សារនាបច្ចុប្បន្ន។
កាលពីថ្ងៃទី ២៦ កក្កដា រដ្ឋាភិបាលរបស់លោក បៃដិន បានឱ្យដឹងថា សហរដ្ឋអាម៉េរិក នឹងបញ្ចេញប្រេងពីឃ្លាំងយុទ្ធសាស្ត្រចំនួន ២០ លានធុងទៀត ដើម្បីបញ្ចុះតម្លៃប្រេងសាំងដែលកំពុងតែឡើងថ្លៃខ្ពស់។
មុននោះ កាលពីចុងខែមីនា ប្រធានាធិបតី បៃដិន បានចេញបញ្ជាឱ្យបញ្ចេញប្រេងចំនួន ១ លានធុង/ថ្ងៃ ពីSPR ក្នុងរយៈពេល ៦ ខែ ដើម្បីបញ្ចុះតម្លៃប្រេងសាំង ក្នុងគ្រាដែលសង្គ្រាមនៅ អ៊ុយក្រែន កំពុងបង្កឱ្យមានការរឹតត្បិតប្រភពផ្គត់ផ្គង់ប្រេងរ៉ែនៅលើទីផ្សារអន្តរជាតិ។
មន្ត្រីជាន់ខ្ពស់របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) Pierre-Olivier ក្នុងថ្ងៃដដែលបានថ្លែងថា «បរិស្ថានបច្ចុប្បន្ន បង្ហាញថា លទ្ធភាពដែលសេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក អាចចៀសវាងពីវិបត្តិបាន គឺពិតជាស្ដួចស្ដើង»។ លោក Olivier ក៏បានព្រមានថា សូម្បីតែបញ្ហាភ្ញាក់ផ្អើលតូចមួយ» ក៏អាចរុញច្រានសេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក ធ្លាក់ទៅក្នុងឱនភាព៕