ធនាគារនានារបស់ ចិន នឹងសហការគ្នាបង្កើតមូលនិធិដើម្បីជួយដល់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ ក្នុងការដោះស្រាយវិបត្តិបំណុលនាបច្ចុប្បន្ន។
សារព័ត៌មាន Reuters ដកស្រង់ប្រភពព័ត៌មានដែលជិតដិត បានឱ្យដឹងថា ប្រទេសចិន នឹងបង្កើតមូលនិធិអចលនទ្រព្យមួយដើម្បីជួយឱ្យក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ ឆ្លងផុតដំណាក់កាលវិបត្តិបំណុលដែលកំពុងកើតមាននាបច្ចុប្បន្ន។ ទំហំទឹកប្រាក់ដែលជាគោលដៅរបស់មូលនិធិនេះគឺ ៣០០ ពាន់លានយ៉ុន (៤៤ ពាន់លានដុល្លារអាម៉េរិក)។ នេះគឺជាសកម្មភាពធំដំបូងរបស់ ទីក្រុងប៉េកាំង ក្នុងបំណងជួយសង្គ្រោះវិស័យនេះ រាប់ចាប់តាំងពីឆ្នាំ ២០២១។
មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីទិញបណ្ដាគម្រោងគេហដ្ឋានដែលកំពុងផ្អាកការសាងសង់ ហើយបង្ហើយការសាងសង់ឡើងវិញ។ ក្រោយមក គម្រោងទាំងនោះនឹងត្រូវបានដាក់ឱ្យជួល ដើម្បីជំរុញផ្នែកគេហដ្ឋានសម្រាប់ជួលនៅប្រទេសនេះ។
ក្នុងដំណាក់កាលដំបូង មូលនិធិនេះនឹងបញ្ចេញសាច់ប្រាក់ជិត ១២ ពាន់លានដុល្លារអាម៉េរិក ដោយមានការចូលរួមរបស់ ធនាគារជាតិចិន ( PBOC) និងធនាគារអភិវឌ្ឍចិន។ បើសិនជារូបមន្តនេះមានប្រសិទ្ធភាព បណ្ដាធនាគារផ្សេងទៀតនឹងចូលរួម ពង្រីកគោលដៅឱ្យដល់ ពី ២០០ ទៅ ៣០០ ពាន់លានយ៉ុន។
ជាសសរទ្រូងសំខាន់របស់សេដ្ឋកិច្ចធំលំដាប់ទីពីរក្នុងពិភពលោក ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០២១ វិស័យអចលនទ្រព្យនៅ ប្រទេសចិន ត្រូវជួបវិបត្តិជាបន្តបន្ទាប់។ ថ្មីៗបំផុតនេះ វិស័យអចលនទ្រព្យចិន បានពើបប្រទះនឹងរលកនៃការបដិសេធការទូទាត់បំណុលគេហដ្ឋាន ចំពោះបណ្ដាគម្រោងដែលបានពន្យារពេលនៅក្នុងខែនេះ បណ្ដាលឱ្យក្រុមមន្ត្រីនៅ ប្រទេសចិន ឈឺក្បាលកាន់តែខ្លាំង។
ចំនួនផ្ទះដែលបានលក់ចេញនៅ ប្រទេសចិន នៅតែបង្ហាញតួលេខទាប ហើយសញ្ញានៃការងើបឡើងវិញ មានតិចតួច នៅក្នុងគ្រាដែលសេដ្ឋកិច្ចកំពុងត្រូវញាំញីដោយកូវីដ-១៩ ខណៈដែលអត្រានៃការបាត់បង់ការងារមានការកើនឡើង និងពេលវេលាប្រគល់ផ្ទះចេះតែត្រូវបានអូសបន្លាយដោយមិនមានភាពប្រាកដប្រជា។ ក្នុង ៥ ខែដើមឆ្នាំនេះ តួលេខនៃគេហដ្ឋានដែលបានលក់ចេញ បានថយចុះ ២៣.៦% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង៕