ប្រទេសអារ៉ាប៊ីសាអូឌីត មានគម្រោងសាងសង់ Mirror Line ដែលជាអគារភ្លោះកប់ពពកផ្ដេកខ្លួនទន្ទឹមគ្នា និងលាតសន្ធឹងប្រវែង ១២០ គីឡូម៉ែត្រ កាត់ទទឹងឆ្នេរសមុទ្រ ភ្នំ និងសមុទ្រខ្សាច់ ដោយប្រើប្រាស់ខ្ទង់វិនិយោគឡើងដល់ ១ ទ្រីលានដុល្លារអាម៉េរិក។
ដោយមានកម្ពស់ជិត ៥០០ ម៉ែត្រ Mirror Line នឹងក្លាយជាសំណងដ៏មហិមាបំផុតក្នុងពិភពលោក។ អគារភ្លោះនេះត្រូវបានគ្របដោយកញ្ចក់នៅចំហៀងខាងក្រៅ និងតភ្ជាប់គ្នាដោយផ្លូវថ្មើរជើង ហើយអាចដាក់មនុស្សបាន ៥ លាននាក់ បន្ទាប់ពីសាងសង់រួចរាល់ នេះបើតាម Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី ២៣ កក្កដា ២០២២។
ក្រោមអគារ Mirror Line នឹងមានផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ។ ប្រភពអាហារសម្រាប់ប្រជាជនដែលរស់នៅក្នុងអគារនេះ នឹងបានមកពីបណ្ដាកសិដ្ឋានឈរត្រង់នៅក្នុងអគារ។ ក្រៅពីនេះ អគារភ្លោះនេះក៏នឹងមានកីឡដ្ឋានមួយដែលស្ថិតនៅកម្ពស់ជាង ៣០០ ម៉ែត្រ និងចំណតកប៉ាល់ទេសចរណ៍ស្ថិតនៅខាងក្រោមដំបូលចន្លោះអគារទាំងពីរនេះ។
Mirror Line គឺជាគម្រោងលំដាប់ខ្ពស់ និងស្ថិតក្នុង Neom ដែលជាគម្រោងទីក្រុងធំប៉ុនរដ្ឋ Massachusetts របស់ សហរដ្ឋអាម៉េរិក ដែលផ្ដួចផ្ដើមការសាងសង់ដោយព្រះអង្គម្ចាស់ Mohammed bin Salman របស់ អារ៉ាប៊ីសាអូឌីត ក្នុងបំណងធ្វើពពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសដែលពឹងផ្អែកលើរ៉ែប្រេង។ តាមគម្រោង អគារភ្លោះនេះនឹងចំណាយទុនវិនិយោគសរុប ១ ទ្រីលាន (១,០០០,០០០,០០០,០០០) ដុល្លារអាម៉េរិក។
នៅក្នុងអគារ Mirror Line ប្រជាជននឹងចំណាយពេលតែ ២០ នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរពីចុងម្ខាងនៃអគារ ទៅកាន់ចុងម្ខាងទៀត។ ដោយសារតែដំណើរការដោយថាមពលកកើតឡើងវិញ អគារភ្លោះនេះនឹងមិនបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។
យោងតាមការវាយតម្លៃលើគម្រោង Mirror Line កាលពីខែមករា ២០២១ បង្ហាញថា សំណង់នេះត្រូវការសាងសង់ទៅតាមដំណាក់កាល និងត្រូវការពេលវេលាសាងសង់សរុបរហូតដល់ ៥០ ឆ្នាំ។ នៅពេលសាងសង់រួចរាល់ Mirror Line នឹងលាតសន្ធឹងកាត់ឆកសមុទ្រ Aqaba និងឆ្លងកាត់ជួរភ្នំមួយនៅក្បែរមាត់សមុទ្រ៕