Skip to content

គូប្រជែង «Made in China» របស់ Boeing ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការដណ្ដើម​ទីផ្សារ

ម៉ូ​ដែល​យន្តហោះ​ពាណិជ្ជកម្ម C919 របស់ ប្រទេស​ចិន បានបញ្ចប់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​កំពុង​រង់ចាំ​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ការហោះហើរ។

ដកស្រង់​អត្ថបទ​បង្ហោះ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ ក្រុមហ៊ុន​ផលិត​យន្តហោះ​ពាណិជ្ជកម្ម​ចិន (COMAC) កាលពី​ថ្ងៃទី ២៣ កក្កដា ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា យន្តហោះ​ពាណិជ្ជកម្ម​ដំបូង​ដែល​អភិវឌ្ឍ​ដោយ ប្រទេស​ចិន បានបញ្ចប់​ការហោះហើរ ៦ លើក​ដោយ​ជោគជ័យ និង​កំពុង​រង់ចាំ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន ផ្ដល់​វិញ្ញាបនបត្រ​ទទួលស្គាល់ ដើម្បី​ដំណើរការ​ជា​ផ្លូវការ។

ទីក្រុង​ប៉េកាំង បានចាប់ផ្ដើម​កម្មវិធី​ផលិត​យន្តហោះ C919 តាំងពី​ឆ្នាំ ២០០៨ ប៉ុន្តែ បាន​ជួប​បញ្ហា​ជាច្រើន​ទាក់ទិន​នឹង​ការកំណត់ និង​បច្ចេកទេស ក្នុងនោះ​មាន​ទាំង​ការគ្រប់គ្រង​ការនាំចេញ​របស់ សហរដ្ឋ​អាម៉េរិក ផងដែរ។

បើទោះជា​ត្រូវបាន​ដំឡើង​នៅ ប្រទេស​ចិន ប៉ុន្តែ ផ្នែកសំខាន់ៗជាច្រើន​របស់​យន្តហោះ C919 ដូចជា​ប្រព័ន្ធ​បញ្ជា ឬ​ម៉ាស៊ីន​ជាដើម ត្រូវបាន​ផ្គត់ផ្គង់​ពី​បណ្ដា​ប្រទេស​លោកខាងលិច។ ដំណាក់កាល​អភិវឌ្ឍ​ជា​ផ្លូវការ​បានចាប់ផ្ដើម​ពី​ឆ្នាំ ២០១១ ហើយ​យន្តហោះ​ដំបូង​ត្រូវបាន​ដំឡើង​ពេញលេញ​នៅក្នុង​ឆ្នាំ ២០១៥។

យន្តហោះ​ C919

យន្តហោះ C919 ដំបូង គ្រោង​នឹង​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិចិន Eastern Airlines នៅក្នុង​ខែសីហា​ខាងមុខ។ Eastern Airlines បាន​បញ្ជា​ទិញ​យន្តហោះ C919 ចំនួន ៥ គ្រឿង កាលពី​ខែមីនា ឆ្នាំ ២០២១។

យន្តហោះ C919 ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​យន្តហោះ 320neo របស់​ក្រុមហ៊ុន Airbus និង​យន្តហោះ Boeing 737 MAX របស់ សហរដ្ឋ​អាម៉េរិក។ ក៏ប៉ុន្តែ ទីផ្សារ​យន្តហោះ​នៅ ប្រទេស​ចិន នៅមាន​ការនិយម​ប្រើប្រាស់​យន្តហោះ​របស់ សហរដ្ឋ​អាម៉េរិក នៅឡើយ ដូច្នេះ Eastern Airlines ទំនងជា​ត្រូវ​ចំណាយពេល​យូរ​ទៀត​ទើប​អាចមាន​សមត្ថភាព​ដណ្ដើម​ទីផ្សារ​បាន​ច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *