Skip to content

មហាសេដ្ឋី​ឥណ្ឌា «យកឈ្នះ» លើ Bill Gates ក្លាយជា​អ្នកមាន​ជាងគេ​ទី ៤ ក្នុង​ពិភពលោក

មហាសេដ្ឋី Gautam Adani មានទ្រព្យ ១១២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​សហ​ស្ថាបនិក​របស់ Microsoft លោក Bill Gates ប្រមាណ ២៣០ លាន​ដុល្លារ។

យោងតាម Bloomberg Billionaires Index កំពូល​អ្នក​មាននៅ ឥណ្ឌា លោក Gautam Adani រកបាន ៣៦ ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ក្នុងឆ្នាំនេះ។ នេះ​គឺជា​តួលេខ​ដែល​កើនឡើង​ច្រើនជាងគេ​ក្នុង​ពិភពលោក។ ចំណែក​ទ្រព្យ​របស់លោក Bill Gates បែរជា​ត្រូវ​ថយចុះ ដោយសារតែ​សកម្មភាព​មនុស្សធម៌រ​ប​ស់លោក និង​ភាគហ៊ុន​ត្រូវបាន​គេ​លក់​ចោល​ច្រើន។

គិត​ត្រឹម​ក្រោយ​ការជួញដូរ​ក្នុង​ផ្សារ​មូល​ប​ត្រ​ថ្ងៃទី ២១ កក្កដា លោក Adani មានទ្រព្យ​សរុប ១១២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ទ្រព្យ​របស់លោក Bill Gates ២៣០ លាន​ដុល្លារ ដូច្នេះ តំណែង​អ្នកមាន​ជាងគេ​លំដាប់​ទី ៤ ក្នុង​ពិភពលោក បាន​ធ្លាក់​ទៅលើ​ដៃ​របស់ មហាសេដ្ឋី​ឥណ្ឌូ​រូបនេះ។

មហាសេដ្ឋី Gautam Adani

កាលពី​ថ្ងៃទី ១៣​ កក្កដា​កន្លង​ទៅ លោក Bill Gates បាន​ប្រកាស​ថា នឹង​បរិច្ចាគ​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ច​ការ​មនុស្ស​ធម៌​។ លោក​បាន​សរសេរ​លើ Twitter ថា «យើង​មាន​គម្រោង​បង្កើន​ការចំណាយ​ពី​ជិត ៦ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​នាបច្ចុប្បន្ន ឡើងដល់ ៩ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ នៅ​ឆ្នាំ ២០២៦។ ដើម្បី​អនុវត្ត​គម្រោង​នេះ ខ្ញុំ​នឹង​ផ្ទេរ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​មូលនិធិ ក្នុង​ខែ​នេះ»។

ចំណែក​លោក Adani វិញ ក៏​កំពុងតែ​ប្រឹងប្រែង​បំពេញការងារ​មនុស្សធម៌​របស់លោក។ កាលពី​ខែ​មុន លោក Adani បានប្រកាស​បរិច្ចាគ ៧.៧ ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ចការ​សង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *