(អេមីរ៉ាតអារ៉ាប់រួម/UAE)-កសិដ្ឋាន Emirates Crop One មានទំហំប្រហែល ៣០,៦៥០ ម៉ែត្រក្រឡា និងអាចសន្សំសំច័យទឹកបាន ២៥០ លានលីត្រជារៀងរាល់ឆ្នាំ ធៀបនឹងការដាំបន្លែនៅលើដីខាងក្រៅផ្ទះតាមបែបប្រពៃណី។
កសិដ្ឋានឈរត្រង់គឺជាដំណោះស្រាយដ៏មានប្រសិទ្ធផាព ជួយកាត់បន្ថយវិបត្តិកង្វះដីដាំដុះនាបច្ចុប្បន្ន។ ក្រុមហ៊ុន Crop One Holdings (សហរដ្ឋអាម៉េរិក) និងក្រុមហ៊ុន Emirates Flight Catering (UAE) បានសហការគ្នាសាងសង់កសិដ្ឋានឈរត្រង់ Emirates Crop One នៅ ឌូបៃ ក្បែរព្រលានយន្តហោះអន្តរជាតិ Al Maktoum។ កាលពីថ្ងៃទី ១៨ កក្កដា ក្រុមហ៊ុនទាំងពីរនេះបានប្រកាសបើក Emirates Crop One ហើយបានហៅវាថាជា «កសិដ្ឋានឈរត្រង់ធំជាងគេបង្អស់ក្នុងពិភពលោក»។
Emirates Crop One មានផ្ទៃក្រឡាប្រហែល ៣០,៦៥០ ម៉ែត្រ និងអាចផលិតបន្លែបានជាង ៩០០ តោន ជារៀងរាល់ឆ្នាំ។ ប្រភេទបន្លែដែលដាំនៅក្នុងកសិដ្ឋាននេះសុទ្ធតែប្រកបដោយភាពអនាម័យខ្ពស់ និងមិនចាំបាច់លាងសម្អាត ព្រោះថា ពុំមានថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ឬគីមីឡើយ។ Emirates Crop One ប្រើប្រាស់ទឹកតិចជាង ៩៥% ធៀបនឹងកសិដ្ឋានបែបប្រពៃណី ហើយគ្រោងនឹងផលិតបន្លែបាន ៣ តោនជារៀងរាល់ថ្ងៃ។ កសិដ្ឋាននេះក៏ប្រើប្រាស់ការរួមផ្សំរវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការវិភាគទិន្នន័យដើម្បីនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងមុន។
Emirates Crop One បំពាក់ប្រព័ន្ធបង្ហូរទឹកយ៉ាងស្អាត និងអាថ៌កំបាំង បង្ហូរទឹកពីបន្លែមួយដើម ទៅបន្លែមួយដើមទៀត ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ ទឹកដែលហួតជាចំហាយក្នុងពេលស្រោចស្រពនឹងត្រូវបានទាញយក កែច្នៃ និងបញ្ជូនត្រលប់ចូលប្រព័ន្ធវិញ ជួយសន្សំសំច័យបាន ២៥០ លានលីត្រជារៀងរាល់ឆ្នាំ ធៀបនឹងការដាំនៅខាងក្រៅផ្ទះតាមបែបប្រពៃណី។
បន្លែរបស់ Emirates Crop One នឹងត្រូវបានផ្គត់ផ្គង់សម្រាប់អតិថិជននៅលើជើងយន្តហោះដែលក្រុមហ៊ុន Emirates Flight Catering សហការជាមួយ។ ក្រៅពីនេះ បន្លែរបស់ Emirates Crop One ក៏នឹងមានវត្តមាននៅក្នុងហាងនានានៅក្នុងស្រុកដែលមានយីហោ Bustanica។
Craig Ratajczyk នាយកប្រតិបត្តិរបស់ Crop One បានឱ្យដឹងថា «បេសកកម្មរបស់យើងគឺកសាងអនាគតមួយដែលមានស្ថិរភាពដើម្បីឆ្លើយតបនឹងតម្រូវការចំពោះអាហារស្រស់ អាហារក្នុងស្រុក ហើយកសិដ្ឋានបែបថ្មីនេះជួយបង្ហាញអំពីប្រការទាំងនេះ។ កសិដ្ឋានថ្មីនេះដើរតួនាទីដូចទៅនឹងរូបភាពគំរូមួយសម្រាប់អ្វីដែលអាចធ្វើទៅរួចនៅពាសពេញពិភពលោក»។
យោងតាម Simpleflying កសិដ្ឋាន Emirates Crop One នេះ ត្រូវបានបោះទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ៤០ លានដុល្លារអាម៉េរិក៕