ភ្នំពេញ៖ ត្រឹមរយៈពេល8 ខែដើមឆ្នាំ2017 អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រមូលពន្ធបានប្រមាណជា 5,657 ពាន់លានរៀលស្មើនឹងប្រមាណជា 1,414.43លានដុល្លារសហរដ្ឋអាមេរិក ដែលមិនទាន់គ្រប់តាមផែនការកំណត់នៅឡើយទេ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានពន្ធដារបានឱ្យដឹងក្នុងពិធីជួបសម្តែងការគួរសមរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ថា ត្រឹមរយៈពេល8ខែ ដើមឆ្នាំ2017នេះ ការប្រមូលពន្ធទើបតែសម្រេចបានប្រមាណជា 82.43% នៃផែនការកំណត់ដោយច្បាប់ប៉ុណ្ណោះ បានន័យថា មិនទាន់គ្រប់100%នៅឡើយទេ។
ឯកឧត្តមមានប្រសាសន៍ថា ការអនុវត្តកំណែទម្រង់នេះ ចៀសមិនផុតពីផលប៉ះពាល់នោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ជាពិសេសការផ្លាស់ប្តូរផ្នត់គំនិត និងវប្បធម៌ការងាររបស់ «មន្ត្រីពន្ធដារជាអ្នកត្រួតត្រាអ្នកជាប់ពន្ធទៅជាអ្នកផ្តល់សេវា និងការប្រឈម ដែលសត្រូវនៃការកែទម្រង់គឺជាអ្នកមិនចង់កែទម្រង់» ក្នុងភាពជាអ្នកដឹកនាំស្ថាប័នដើម្បីឈានទៅទទួលបានជោគជ័យលើការងារ កំណែទម្រង់ត្រូវការឆន្ទៈខ្ពស់ ការតាំងចិត្តពុះពារមិនរាថយ ចំណេះដឹង ភាពជឿជាក់ ការបំពេញការងារប្រកបប្រតិសកម្ម និងផ្នត់គំនិតនៃការផ្តួចផ្តើម។
ឆ្លៀតក្នុងពេលនោះឯកឧត្តមបានផ្ញើសារតាមរយៈក្រុមយុវជនអាស៊ីអាគ្នេយ៍ឱ្យជួយផ្សព្វផ្សាយចែករំលែកបន្តចំណេះដឹង និងបទពិសោធការងារ ពាក់ព័ន្ធនឹងវិស័យពន្ធដារ ក្នុងន័យពង្រឹង និងបញ្ជ្រាបវប្បធម៌ នៃពន្ធដារ និងក្នុងន័យពង្រឹង និងបញ្ជ្រាបវប្បធម៌នៃការបង់ពន្ធនៅកម្ពុជាឱ្យបានកាន់តែជ្រួតជ្រាបដល់មជ្ឈដ្ឋានអ្នកជាប់ពន្ធនានា ក៍ដូចជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែរ។
គួររំឭកដែរថា ក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ2012មក គឺតែងតែសម្រេចបានលើសផែនការ ហើយការប្រមូលចំណូលពន្ធបានកើនឡើងជាមធ្យមប្រមាណ 20% ក្នុងមួយឆ្នាំ ដែលជាក់ស្តែងបានកើនឡើងជាមធ្យមប្រមាណពី736លានដុល្លារអាមេរិក ក្នុងឆ្នាំ2012 រហូតទទួលបានប្រមាណជាង 1.4 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ2016៕