Skip to content

នៅ​កម្ពុជា…បើ​គ្មាន​វិធានការ​ទប់ស្កាត់ ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ

គ្រា​ដែល​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ​នៅក្នុង​ពិភពលោក​ជាពិសេស​នៅ​កម្ពុជា។ យោងតាម​ការសិក្សា​មួយ​បាន​បញ្ជាក់ថា បរិមាណ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រហែល4ដង​នៅ​ឆ្នាំ 2030 និង​បន្ត​កើនឡើង​ប្រហែល 24ដង នៅ​ឆ្នាំ2050 បើ​ធៀប​ទៅនឹង​ឆ្នាំ2010 នេះ​បើ​គ្មាន​វិធានការ​ទប់ស្កាត់។

ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន លើកឡើងថា បច្ចុប្បន្ន​ការប្រែប្រួល​អាកាសធាតុ បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ដ៏​ធំ នៅក្នុង​ពិភពលោក​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ដើម្បី​ដោះស្រាយ​ជាបន្ទាន់។ ដូច្នេះ​ទើប​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល​នៃ​ប្រទេស​ជប៉ុន​បានរៀបចំ​កម្មវិធី​សិក្ខាសាលា​មួយ​ស្តីពី ការកសាង​សមត្ថភាព​ស្តីពី​ការអភិវឌ្ឍ​បញ្ចេញ​កាបូន​តិច​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​ពង្រឹង​សហគមន៍​ស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការអនុវត្ត​សកម្មភាព​នានា ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​នាពេល​អនាគត​យ៉ាងដូចម្តេច? ។

ឯកឧត្តម​បាន​បន្តថា ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផង បាននិងកំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលឱ្យ​បាត់បង់​ជិវិត​មនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ធនធានធម្មជាតិ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សង្គម​យ៉ាងធ្ងន់ធ្ងរ។ ជា​ក្ដី​រំពឹង​តាមរយៈ​ការសិក្សា​មួយ​នេះ​ពិតជា​បាន​ឆ្លើយតប​ទៅតាម​តម្រូវ​ការចាំបាច់​ជាក់ស្តែង និង​ការចែករំលែក​នូវ​ចំណេះដឹង បទពិសោធ​ពី​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​បញ្ចេ​ញ​កាបូន​តិច និង​វិធានការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ី និង​ផ្តល់ឱកាស​ឱ្យ​អ្នកចូលរួម​ស្វែងយល់​កាន់តែច្បាស់ អំពី​សារៈសំខាន់​នៃ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​បញ្ចេញ​កាបូ​និក នៅតាម​បណ្តា​ទីក្រុង​នៅ​តំបន់​អាស៊ី ជាពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ។

គួរ​បញ្ជាក់ថា ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​ទឹកជំនន់​ឆ្នាំ2013 បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ថវិកា​ប្រមាណ 360លាន​ដុល្លារ ស្មើនឹង10% នៃ​ថវិកាជាតិ និង​នៅ​ឆ្នាំ2050 ការបាត់បង់​សេដ្ឋកិច្ចជាតិ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​អាច​កើន​ដល់​ប្រមាណ 3,5% នៃ GDP ប្រសិនបើ​ពុំមាន​ចាត់វិធានការ​ណាមួយ ។យោងតាម​របាយការណ៍​របស់​អន្ត​រដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី5 បាន​បង្ហាញថា ផែនដី​កំពុង​បន្ត​ឡើងក​ម្តៅ ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង​បរិស្ថាន​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ។ ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​ពិភពលោក​បាន​កើនឡើង​ជិត2ដង​ក្នុង​រយៈពេល2ទសវត្សរ៍​ចុងក្រោយ​នេះ ពី​ឆ្នាំ1990ដល់​ឆ្នាំ 2010 បរិមាណ​នេះ​នឹង​បន្ត​កើនឡើង​កាន់តែ​ខ្ពស់​ប្រសិនបើ​គ្មាន​វិធានការ​កាត់បន្ថយ​សម​ស្រប​នោះទេ ។

ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ ស្ថាប័ន​រូបី​យ​វត្ថុ​អន្តរជាតិ(IMF) ធ្លាប់បាន​ប្រាប់​ទៅកាន់​ប្រទេស​អ្នកមាន​ឱ្យទៅជួយ​ប្រទេស​អ្នកក្រីក្រ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ ឬ​ជា​ប្រទេស​មានការ​រីកចម្រើន​យឺតយ៉ាវ ឬក៏​ប្រទេស​ដែលមាន​លំហូរ​ជនភៀសខ្លួន​ច្រើន។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បាន​លើកឡើងថា ប្រទេស​ក្រីក្រ​ដែលមាន​ចំណូល​តិចតួច គឺ​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​តែប៉ុណ្ណោះ ដូច្នេះ​ប្រទេសធំៗត្រូវតែ​ចូលរួម​ផ្តល់ជំនួយ​ក្នុងនាម​ជា​ប្រទេស​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។ IMF លើកឡើងថា ការកើនឡើង​នូវ​កម្ដៅ​របស់​ផែនដី​បាន​ជះឥទ្ធិពល​មិន​ស្មើគ្នា​ឡើយ ហើយ​ប្រទេស​ក្រីក្រ​នឹង​លំបាក​ក្នុងការ​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ។

ពាក្យ «​ឧស្ម័ន​ផ្ទះ​កញ្ចក់​» Greenhouse gas (GHG) ជា​ឧស្ម័ន​ដែលមាន​នៅក្នុង​បរិយាកាស ដែល​កើតឡើង​ដោយ​ធម្មជាតិ​ឬ​ដោយ​សកម្មភាព​មនុស្ស ហើយ​ដែល​ស្រូបយក និង​បញ្ចេញ​រស្មី​តាម​ជំហាន​រលក​ជាក់លាក់​ក្នុង​ជំហាន​រលក​នៃ​រំភាយ​រស្មី​កម្តៅ​ក្រហម​អាំង​ហ្វ្រា​ដែល​ភាយ​ចេញពី​ផ្ទៃផែនដី​បរិយាកាស និង​ពពក​។ បាតុភូត​ទាំងនេះ​បង្កឱ្យមាន​ផល​ផ្ទះ​កញ្ចក់​។​

​ចំហាយ​ទឹក ​(H2O)​ឧស្ម័ន​កាបូ​និក​(CO2) ​ឌីអាសូតម៉ូណូអុកស៊ីត​ (N2O)​មេតាន​(CH4)​និង​អូ​សូន ​(O3) ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចម្បងៗ​នៅក្នុង​បរិយាកាស របស់​ផែនដី​។ ក្រៅពីនេះ មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយចំនួន​នៅក្នុង​បរិយាកាស ដែល​បង្កើតឡើង​ដោយ​មនុស្ស​ទាំងស្រុង ដូចជា​ហា​ឡូ​កាបួ និង​សារធាតុ​ដទៃទៀត​ដែល​ផ្ទុក​ក្លរ​និង​ប្រូ​ម គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​។ ក្រៅពី CO2 N2O និង CH4​ពិធីសារ​ក្យូ​តូ គ្រប់គ្រង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដទៃទៀត ដូចជា ស៊ុ​ល​ភួ​អ៊ិ​ច​សា​ភ្លុយអ​រីត​ (SF6) អ៊ី​ដ្រូ​ភ្លុយអ​រ៉ូ​កាបួ​ (HFCs) និង​ពែរ​ភ្លុយអ​រ៉ូ​កាបួ​ (PFCs)​៕

Leave a Reply

Your email address will not be published. Required fields are marked *