ការផលិតដែលត្រូវបានស្ដារឡើងវិញ គ្រាដែលក្រុមហ៊ុន រោងចក្រអាចឆ្លើយតបនឹងការបញ្ជាទិញ រួមនឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាមូលដ្ឋានគ្រឹះដែលជួយឱ្យការនាំចេញរបស់ វៀតណាម អាចកើនឡើងជិតដល់ ៤ ពាន់កោដិ (៤០០,០០០,០០០,០០០ ឬ ៤០០ ពាន់លាន) ដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ។
ក្នុង ៦ ខែដើមឆ្នាំនេះ ការនាំចេញរបស់ វៀតណាម បានឡើងជិតដល់ ១៨៦ ពាន់លានដុល្លារអាម៉េរិក កើន ១៧.៣% ធៀបនឹងដំណាក់ដូចគ្នាកាលពីឆ្នាំ ២០២១ ក្នុងនោះមានទំនិញ ២៨ មុខដែលមានចំណូលលើសពី ១ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ វៀតណាម ក៏ទទួលបានការបញ្ជាទិញយ៉ាងច្រើនពីបរទេសសម្រាប់ឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់របស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម របស់ វៀតណាម បានវាយតម្លៃថា បណ្ដាក្រុមហ៊ុនបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែល វៀតណា កំពុងមាន។ បច្ចុប្បន្ន ប្រទេសនេះមាន FTA សរុបចំនួន ១៥ ដែលកំពុងអនុវត្ត និង ២ ទៀតកំពុងចរចា។ FTA ទាំងនេះកំពុងតែជួយឱ្យ វៀតណាម នាំចេញទំនិញបានកាន់តែច្រើន។
យោងតាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សកម្មភាពនាំចេញក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ នឹងបន្តកើនឡើងខ្ពស់ ដោយសារតែការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកក្រោយកូវីដ-១៩ និងបណ្ដា FTA ដែលប្រទេសនេះបានចុះហត្ថលេខា ត្រូវបានអនុវត្តពេញលេញ។
ក្រសួងខាងលើបានព្យាករថា ការនាំចេញនាំចូលសរុបរបស់ វៀតណាម ក្នុងឆ្នាំ ២០២២ អាចលើសពី ៧០០ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ការនាំចេញសរុបនឹងកើនឡើងជិតដល់ ៤០០ ពាន់លានដុល្លារ ហើយ វៀតណាម នឹងបន្តស្ថិតក្នុង Top 20 ស្ដីពីបណ្ដាប្រទេសដែលមានពាណិជ្ជកម្មអន្តរជាតិធំជាងគេក្នុងពិភពលោក៕