Skip to content

បើ​មិន​ប្រយ័ត្ន និស្សិត​អាច​ជ្រើស​យក​ជំនាញ​តាម​ក្តី​សុបិន​ក្លែងក្លាយ

ជា​រៀងរាល់ឆ្នាំ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​មួយចំនួន​តែងតែ​ត្អូញត្អែរ​ចំពោះ​ការដែល​ខ្លួន​បាន​សិក្សា​ចំ​ជំនាញ​ដែល​ធ្លាប់​នឹក​ស្រមៃ​តាំងពី​តូច ឬ​បានធ្វើ​ការងារ​ដែល​ធ្លាប់បាន​ស្រមៃ​ទុក​ហើយ តែ​បែរជា​មិន​សប្បាយចិត្ត​សោះ ហើយ​ទីបំផុត​ក៏​ងាក​ទៅរក​ជំនាញ​មួយ​ផ្សេង ខុសពី​មុខជំនាញ​ដែល​រៀន​នៅ​មហាវិទ្យាល័យ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា អៀង លីន​ដា គ្រូបង្វឹក​កម្មវិធី Life Coach បាន​លើកឡើងថា ការដែល​យុវជន​មិនទាន់​រកឃើញ​សក្តានុពល​របស់ខ្លួន​ឯង ឬ​សិក្សា​លើ​ជំនាញ​មួយ​ដែល​ធ្លាប់​គិតថា ចង់​រៀន តែ​បែរជា​មិនសូវ​ពូកែ ហើយ​បោះបង់ចោល​វិញ​នោះ  អាចមកពី​ពួកគេ​រក​មិនទាន់​ឃើញ​ក្តី​សុបិន​ពិតប្រាកដ។ មនុស្ស​ជាច្រើន​បាន​សម្លឹងមើល​តែ​លើ​រូបភាព​ខាងក្រៅ​នៃ​អាជីព​មួយ ដូចជា​មើលឃើញ​ពី​ការប្រែប្រួល​នៃ​ជីវភាព ឬ​មើល​ឃើញតែ​ពី​សម្ភារ​របស់​មនុ​ស្សណា​ម្នាក់​ក្រោយពេល​ដែលមាន​ជំនាញ​មួយ ហើយ​គិតថា ប្រសិនបើ​ខ្លួន​បានធ្វើ​ដូច​មនុស្ស​ម្នាក់​នោះ​ប្រហែលជា​អាចមាន​របស់​ទាំងអស់​នោះ​ដូចគ្នា ដោយ​មិនបាន​គិតពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​សម្រេច​ក្តី​សុបិន​ពិតប្រាកដ​បាន។

កញ្ញា អៀង លីន​ដា បាន​និយាយថា៖ «ពេលខ្លះ​និស្សិត​ចូលចិត្ត​ចំណាយពេល​ច្រើន​ដើម្បី​ស្តាប់​គំនិត​ពី​មនុស្ស​ជុំវិញខ្លួន ឬ​មើល​មនុស្ស​ជុំវិញខ្លួន​ច្រើនពេក ហើយ​ភ្លេច​គិតពី​ខ្លួនឯង»។

អ្នក​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា សំឡេង​ខាងក្រៅ​ថ្វីត្បិតតែ​ល្អ​សម្រាប់​យុវវ័យម្នាក់ៗក្នុងការ​កំណត់​ទិសដៅ​អនាគត​មែន តែ​សូមកុំ​ធ្វើតាម​ទាំងស្រុង​ហើយ​ភ្លេច​គិតពី​ខ្លួនឯង។ ជាធម្មតា អ្នក​ខាងក្រៅ​អាច​មើល​យើង​ឃើញ​តែមួយ​ជ្រុង​ប៉ុណ្ណោះ តែ​ស្ថានភាព​ពិត គឺ​មានតែ​ខ្លួន​យើង​ទេ​ដែលជា​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់។

កញ្ញា​លីន​ដា បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រើសរើស​ជំនាញ​ខុស​នេះ យុវជន​គួរតែ​ស្រង់​យក​មតិ​ពី​អ្នក​ជុំវិញខ្លួន​សម្រាប់​ជាម​តិ​ដើម្បី​ពិចារណា ហើយ​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​ផ្ទាល់​ទើប​ជាការ​ប្រសើរ​បំផុត។ ចំណុច​សំខាន់​ដែល​ត្រូវធ្វើ គឺ​ចំណាយ​ពេលវេលា​មួយចំនួន​ដើម្បី​ស្តាប់​បេះដូង​ខ្លួនឯង ហើយ​ពិចារណា​ឱ្យបាន​ដិតដល់​ថា តើ​យើង​ស្រឡាញ់​អ្វី​ឱ្យ​ពិតប្រាកដ មុននឹង​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ៕

Leave a Reply

Your email address will not be published. Required fields are marked *