ការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អឥតខ្ចោះពីសំណាក់ខ្សែបម្រើឆ្នើម Philippe Coutinho បានជួយឲ្យក្រុម Liverpool បញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅលើទឹកដីក្រុម Newcastle United កាលពីថ្ងៃអាទិត្យ ប៉ុន្តែ នេះគឺជាលទ្ធផលដ៏គួរឲ្យខកចិត្តមួយផ្សេងទៀតសម្រាប់អ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Jurgen Klopp។
ការទទួលជ័យជម្នះនឹងធ្វើឲ្យពួកគេឡើងទៅឈរពីលើក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea និងស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង4នៃក្របខ័ណ្ឌ Premier League ប៉ុន្តែ ផ្ទុយទៅវិញក្រុម Liverpool បានជួបភាពត្រដាបត្រដួសម្តងទៀតក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ក្រុមរបស់លោក Klopp មានភាគរយនៃការគ្រប់គ្រងបាល់ច្រើនជាងដល់ទៅ2ដងបើធៀបទៅនឹងក្រុម Newcastle ប៉ុន្តែបានខ្ជះខ្ជាយឱកាសជាច្រើន និងត្រូវតែពឹងផ្អែកទៅលើគ្រាប់បាល់បញ្ចូលទីពីចម្ងាយរបស់ Coutinho ក្នុងការទទួលបាន1ពិន្ទុនាកីឡដ្ឋាន St James’ Park។ ក្រុម Newcastle ដែលត្រូវបានដឹកនាំដោយអតីតគ្រូបង្វឹករបស់ Liverpool គឺលោក Rafael Benitez នោះ បានរក្សាកំណត់ត្រា100ភាគរយ ខណៈដែលពួកគេបានធ្វើការការពារយ៉ាងរឹងមាំ និងបានរកគ្រាប់បាល់បញ្ចូលទី នៅពេលដែល Joselu បានស៊ុតបាល់បំប៉ោងសំណាញ់ដើម្បីរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេលបញ្ចប់តង់ទី1។
លោក Klopp បានប្រាប់ទូរទស្សន៍ BBC ថា៖ «ខ្ញុំពិតជាខកចិត្តណាស់ និងឆ្អែតចិត្តចំពោះអ្វីដែលអ្នកចង់បាន។ ពួកគេ (ក្រុម Newcastle) មានឱកាសតែ1លើកគត់ និងបានស៊ុតបាល់បញ្ចូលទីតែម្តង។ បញ្ហានោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិនយុត្តិធម៌សោះ។ ប្រសិនបើអ្នកមិនជួយខ្លួនអ្នក គ្មាននរណាម្នាក់ជួយអ្នកបានឡើយ។ វានឹងបន្តបែបនេះរហូតលុះត្រាតែយើងរកបានគ្រាប់បាល់បញ្ចូលទី»៕
ប្រភពពី៖ Sports.yahoo