ភ្នំពេញ- តាមរយៈកិច្ចប្រជុំអាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពីការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងឆ្ពោះទៅសហគមន៍អាស៊ីខាងកើត កម្ពុជាបានបង្ហាញពីការត្រៀមខ្លួនក្នុងការជួយដល់អាស៊ាន ពិសេសដើម្បីអនុវត្តផែនការថ្មីស្តីពីការតភ្ជាប់អាស៊ាន 2025។
លោក គង់ សុផល អគ្គនាយករងដឹកជញ្ជូនផ្លូវគោក បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងរយៈពេល2ទសវត្សរ៍កន្លងមកក្នុងការអភិវឌ្ឍប្រទេស ពិសេសតាមរយៈយុទ្ធសាស្ត្រចតុកោណដែលរាជរដ្ឋាភិបាលបានដាក់ជាអាទិភាពលើការស្តារវិស័យដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស កំពង់ផែ និងជាពិសេសបណ្តាញផ្លូវជាតិដែលធ្វើការអភិវឌ្ឍ និងតភ្ជាប់ទៅអនុតំបន់ ឬតំបន់ផ្សេងទៀត។
ក្នុងកិច្ចប្រជុំអាស៊ាន+3 (ចិន ជប៉ុន កូរ៉េ) ស្តីពី ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងឆ្ពោះទៅសហគមន៍អាស៊ីខាងកើតដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ។ នាថ្ងៃទី29 ខែកញ្ញា ឆ្នាំ2017 ក៏មានការចូលរួមពីតំណាងធនាគារធំៗ ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារអភិវឌ្ឍន៍ចិន (CDB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
អគ្គនាយករងដឹកជញ្ជូនផ្លូវគោក បន្ដថា បច្ចុប្បន្ននេះ បណ្តាញគមនាគមន៍កម្ពុជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតភ្ជាប់ទៅបណ្តាប្រទេសជិតខាង និងក្នុងតំបន់ដោយមិនមានបង្កជាឧបសគ្គឡើយ។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏បានដាក់ជាយុទ្ធសាស្ត្រក្នុងការសាងសង់ផ្លូវតាមបណ្តោយព្រំដែនក្នុងគោលបំណងពង្រីកចំណងមិត្តភាពសហប្រតិបត្តិការ តាមព្រំដែនប្រទេសជិតខាង ដែលមកដល់ពេលនេះបានរួចរាល់ប្រមាណ70% ហើយ ដែលធ្វើឱ្យការតភ្ជាប់តាមផ្លូវគោកកាន់តែមានភាពល្អប្រសើរជាងមុន ។
ក្នុងឱកាសនោះដែរកម្ពុជាបានស្នើឲ្យបណ្តាប្រទេសជាសមាជិកខិតខំសហការគ្នាដើម្បីចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងសម្របសម្រួលការងារដឹកជញ្ជូននានាដែលបានចុះហត្ថលេខាកន្លងមក ដូចជាកិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលការងារដឹកជញ្ជូនឆ្លងកាត់ក្នុងមហាអនុតំបន់មេគង្គ (GMS Cross Border Transport Facilitation Agreement) កិច្ចព្រមព្រៀង ស្តីពីការសម្របសម្រួលការងារដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុងតំបន់អាស៊ាន (ASEAN Framework Agreement on the Facilitation of Goods in Transit, AFAFGIT) និងកិច្ចព្រមព្រៀងដទៃៗទៀតដែលថ្នាក់ដឹកនាំបានឯកភាព និងទទួលបានសច្ចាប័នពីស្ថាប័ននីតិបញ្ញត្តិ រួចរាល់ហើយ។
ជាងនេះទៅទៀតកម្ពុជាក៏បានស្នើឲ្យបញ្ចូលមន្ត្រីបច្ចេកទេសនៃបណ្តាប្រទេសអាស៊ីខាងកើតទាំង3ចូលរួមជាមួយក្រុមការងារជំនាញនានារបស់អាស៊ានដើម្បីសហការអនុវត្តសេចក្ដីសម្រេចរួម កិច្ចព្រមព្រៀង និងផែនការនានាដែលអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន+3 កន្លងមកទៀតផង៕