(អ៊ីស្រាអែល)-កំណែគំរូ Air One ដែលជាយន្តហោះមានកង្ហារចំនួន ៨ គ្រឿង និងអាចហោះហើរបាន ២៥០ គីឡូម៉ែត្រ/ម៉ោង បានសាកល្បងហោះហើរបណ្ដែតខ្លួនជាច្រើនលើកដោយជោគជ័យ។
កំណែគំរូពេញលេញដំបូងរបស់ Air One ដែលហោះឡើង និងចុះចតដោយត្រង់ ដំណើរការដោយអគ្គិសនី បានចាប់ផ្ដើមធ្វើការសាកល្បង នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី ១៣ កក្កដា។ Air One ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនធុរកិច្ចថ្មី Israel Air របស់ អ៊ីស្រាអែល គឺជាយន្តហោះ ២ កៅអី មានមនុស្សបើកបរ មានតម្លៃប្រហែល ១៥០,០០០ ដុល្លារអាម៉េរិក។ មុននោះ ក្រុមហ៊ុននេះបានសាកល្បងការហោះហើរចំពោះកំណែដែលមានទំហំតូចជាងនេះ។
Air One មានស្លាបវែងចំនួន ២ និងមានបំពាក់កង្ហារតូចៗចំនួន ៨ គ្រឿង។ ដោយពុំមានប្រព័ន្ធរុញច្រានទៅមុខ យន្តហោះនេះត្រូវទេរខ្លួនដូចទៅនឹងយន្តហោះដែលមានកង្ហារច្រើនដទៃទៀត។ Air One អាចហោះបានលឿនបំផុតត្រឹម ២៥០ គីឡូម៉ែត្រ/ម៉ោង និងហោះធម្មតាត្រឹម ១៦០ គីឡូម៉ែត្រ/ម៉ោង។ កម្លាំងអតិបរមារបស់យន្តហោះនេះគឺ ៧៧១ សេះ ខណៈដែលផ្ទុកទម្ងន់បាន ២៥០ គីឡូក្រាម និងហោះបាន ១ ម៉ោង បន្ទាប់ពីបញ្ចូលថាមពលពេញ ហើយហោះបានរយៈចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រ។
កំណែពេញលេញរបស់ Air One ដែលមានទម្ងន់ ៨៦៨ គីឡូក្រាម បានហោះហើរសាកល្បងដំបូងនៅលើវាលស្រែមួយកន្លែងនៅ Megiddo ភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២១ មិថុនា។ នេះគឺជាការសាកល្បងហោះហើរបណ្ដែតខ្លួនដោយមានចងខ្សែ ហើយ Air One ក៏បានសាកល្បងហោះហើរបែបនេះជាច្រើនដងមកហើយក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ដោយមានតម្លៃ ១៥០,០០០ ដុល្លារ Air One ថ្លៃជាងប្រហែលពាក់កណ្ដាល ធៀបនឹងយន្តហោះ Jetson One របស់ ក្រុមហ៊ុនស៊ុយអែត Jetson។ ប៉ុន្តែ Air One មានកៅអីចំនួន ២ ចំណែក Jetson One មានតែ ១ កៅអី។ Air One ហោះបានឆ្ងាយជាង ៣ ដង ធៀបនឹង Jetson One។
ក្រុមហ៊ុន Israel Air បានឱ្យដឹងថា ពួកគេលក់ Air One បានជាង ១៥០ គ្រឿង ហើយគ្រោងនឹងប្រគល់ដល់ដៃអតិថិជនដំបូងៗនៅឆ្នាំ ២០២៤៕