Skip to content

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai បញ្ចេញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី Ioniq 6

តាម​គម្រោង Ioniq 6 នឹង​បរបាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ ហើយ​វា​នឹងត្រូវ​បាន Hyundai ចាប់ផ្ដើម​ផលិត​នៅ កូរ៉េខាងត្បូង ក្នុង​ត្រីមាស​ទី​បី​ខាងមុខ។

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង Hyundai ទើបតែ​បាន​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ម៉ូ​ដែល Ioniq 6 ថ្មី របស់ខ្លួន។ នេះ​គឺជា​រថយន្ត​ប្រភេទ​ស៊ី​ដាន់ (sendan) ដែលមាន​រូបរាង​ប្លែក​ភ្នែក។ ម៉ូ​ដែល Ioniq 6 មាន​រូបរាង​ខុសពី ម៉ូ​ដែល Ioniq 5 ដែល​ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​ដែល​នឹងត្រូវ​ចេញលក់​ចាប់ពី​ចុងឆ្នាំ​នេះ។

SangYup Lee អគ្គនាយករង និង​ជា​ប្រធាន​ក្រុម​រចនា​របស់ Hyuandai បានឱ្យដឹងថា រថយន្ត​ក្នុង​ត្រកូល Ioniq នឹងមាន​រូបរាង​ពិសេសខុសៗគ្នា ក្នុង​បំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុម​អ្នក​រចនា ជាមួយនឹង​អតិថិជន តាមរយៈ​អារម្មណ៍។

Hyundai ឱ្យដឹងថា ម៉ូ​ដែល Ioniq 6 នឹង​រត់​បាន ៦១០ គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​ពេញ។ នៅក្នុង​រថយន្ត​នេះ​ក៏មាន​បំពាក់​អេក្រង់ ១២ អ៊ី​ញ​ចំនួន ២ គ្រឿង សម្រាប់​ផ្ដល់ព័ត៌មាន និង​ការកម្សាន្ត​ដល់​អ្នកបើកបរ។

ម៉ូ​ដែល Ioniq 6 ជា​រថយន្ត​ដែល​នឹង​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង​ទី​បី​នៅ សហរដ្ឋ​អាម៉េរិក របស់ Hyundai បន្ទាប់ពី Kona និង Ioniq 5។ តាម​គម្រោង Hyundai នឹង​ផលិត​រថយន្ត​អគ្គិសនី​ម៉ូ​ដែល Ioniq 6 នេះ​ចាប់ពី​ត្រីមាស​ទី​បី​ឆ្នាំនេះ ហើយនឹង​មាន​លក់​ក្នុង​ទីផ្សារ​របស់ សហរដ្ឋ​អាម៉េរិក ចាប់ពី​ត្រីមាស​ទីមួយ​ឆ្នាំ ២០២៣។

 

Leave a Reply

Your email address will not be published. Required fields are marked *