ក្រុមហ៊ុនស្រាវជ្រាវ Cox Automotive ទើបតែបានឱ្យដឹងថា តម្លៃទិញដូរជាមធ្យមរបស់រថយន្តថ្មី ១ គ្រឿង នៅក្នុងខែមិថុនា ២០២២ គឺ ៤៨,០៨៣ ដុល្លារអាម៉េរិក កើន ១.៩% ធៀបនឹងខែឧសភា ២០២២ និងខ្ពស់ជាងកំណត់ត្រាមុននោះគឺ ៤៧,២០២ ដុល្លារ។
តម្លៃរថយន្តបានកើនឡើងដោយសារតែតម្រូវការប្រើប្រាស់កើនឡើង រថយន្តថ្មីដែលសល់ក្នុងឃ្លាំងមានចំនួនតិច និងចំនួនរថយន្តប្រណិតលក់ចេញបានច្រើន។
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (Customer Price Index-CPI) ដែលជារង្វាស់សម្រាប់វាស់ស្ទង់ទំនិញ និងសេវាកម្មប្រចាំថ្ងៃ បានកើនឡើង ៩.១% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំកន្លង និងខ្ពស់ជាងការព្យាករ ៨.៨% របស់ Dow Jones។
ការកើនឡើងនៃអតិផរណា ភាគច្រើនគឺដោយសារតម្លៃប្រេងសាំង ដែលបានកើន ១១.២% ក្នុងខែមិថុនា។ យោងតាមការិយាល័យស្ថិតិការងារ (BLS) តម្លៃរថយន្តថ្មីបានកើនឡើង ០.៧%/ខែ ចំណែករថយន្តមួយទឹកកើន ១.៦%។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai ប្រចាំ អាម៉េរិកខាងជើង បានអះអាងថា តម្លៃរថយន្តនឹងអាចបន្តកើនឡើងទៀតនាពេលខាងមុខ៕